អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង នៅជុំវិញកោះនេះ នៅរយៈ ២៤ម៉ោង ពោលគឺ ១ថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថា ក្រុមគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ អាចប្រឈមនឹងទោសប្រហារជីវិត។

ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងតាមបែបប្រជាធិបតេយ្យ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងនោះឡើយ។

ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោកមួយនេះ បានបង្កើនសម្ពាធលើទីក្រុងតៃប៉ិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានធ្វើសមយុទ្ធ នៅជុំវិញកោះនេះ បន្ទាប់ពីពិធីឡើងកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te។
នៅថ្ងៃទី២២ ខែមិថុនានេះ អាជ្ញាធរការពារជាតិរបស់ទីក្រុងតៃប៉ិ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿង ដែលកំពុងប្រតិបត្តិការ នៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង ដោយមានវត្តមានរហូតដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក)។
ដោយនិយាយសំដៅទៅលើខ្សែបន្ទាត់ដែលខណ្ឌចែកផ្លូវទឹកប្រវែង ១៨០គីឡូម៉ែត្រដែលកាត់ផ្ដាច់កោះតៃវ៉ាន់ពីប្រទេសចិន អាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យន្តហោះចំនួន ៣២គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់»។ ក្រសួងបានបន្ថែមថា ខ្លួនបាន «តាមដានស្ថានការណ៍នេះ ហើយឆ្លើយតបទៅតាមនោះ»៕