អ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារ «ទ្រង់ទ្រាយធំ» ពេញមួយយប់លើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅភាគខាងលិច និងខាងត្បូងរបស់ប្រទេស។

ក្រសួងថាមពលបានប្រាប់ឲ្យដឹងថា «ឧបករណ៍នៅឯកន្លែង (ប្រតិបត្តិករ) Ukrenergo ក្នុងតំបន់ Zaporizhzhia និង Lviv បានរងការខូចខាត» ដោយបន្ថែមថា បុគ្គលិក ២នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅតំបន់ Zaporizhzhia។ ក្រសួងបានបន្ថែមទៀតថា នេះគឺជា «ការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពល» ក្នុងរយៈពេល ៣ខែកន្លងមកនេះ។

គួរបញ្ជាក់ថា ដោយមានរយៈពេលជាង ២ឆ្នាំនៅក្នុងការលុកលុយរបស់រុស្ស៊ី ការវាយប្រហារដោយមីស៊ីល និងយានដ្រូន បានធ្វើឲ្យខូចដល់សមត្ថភាពផលិតអគ្គិសនីរបស់អ៊ុយក្រែន ហើយបានបង្ខំឲ្យទីក្រុងគីវផ្ដាច់ចរន្តអគ្គិសនី និងនាំចូលការផ្គត់ផ្គង់ពីសហភាពអឺរ៉ុប។
កាលពីថ្ងៃទី២០ ខែមិថុនា អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងនោះរួមទាំងស្ថានីយថាមពលមួយ បានរងការខូចខាតនៅក្នុងការវាយប្រហារយ៉ាងខ្លាំងក្លាពេញមួយយប់ ដែលបានបណ្តាលឲ្យបុគ្គលិក ៧នាក់ រងរបួស។
DTEK ដែលជាក្រុមហ៊ុនថាមពលឯកជនធំជាងគេនៅអ៊ុយក្រែន បានប្រាប់ថា ការវាយប្រហារបានបង្កឲ្យមាន «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» ដល់រោងចក្រមួយរបស់ខ្លួន។ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានបំផ្លាញពសមត្ថភាពផ្ដល់ថាមពលពាក់កណ្ដាលរបស់អ៊ុយក្រែន៕