ភ្នំពេញ៖ ប្រជាពលរដ្ឋ១គ្រួសារ ដែលជីវភាពខ្វះខាត ហើយប្រពន្ធបានសម្រាលកូន នៅមន្ទីរពេទ្យតេជោសន្តិភាព ត្រូវបានក្រុមការងារមនុស្សធម៌របស់មន្ទីរប្រឆាំងគ្រឿង នាំយកអំណោយចែកជូនដល់ពួកគាត់។
ក្រុមការងារមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ដោយមើលឃើញថា បុរសដែលមានមុខរបរជាសន្តិសុខ មានជីវភាពទីទាល់ក្រ ដោយប្រពន្ធរបស់គាត់បានសម្រាលកូនមុនខែ (មិនទាន់គ្រប់ខែ) មានសុខភាពមិនល្អផងនោះ ដែលមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច មិនមានលទ្ធភាព ។
ភ្លាមៗនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានចាត់តាំងក្រុមការងារ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនដល់បុរសជាសន្តិសុខ និងនារីជាប្រពន្ធដែលកំពុងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ហើយបានទៅដល់ទីកន្លែងផ្ទះស្នាក់នៅបន្ថែមទៀត។ អំណោយរួមមាន៖ អង្ករ២បេ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកដោះគោ រួមទាំងថវិកាចំនួន ១លានរៀលដើម្បីជួយសម្រាលបន្ទុក។
ក្រុមការងាររបស់មន្ទីរប្រឆាំងគ្រឿងញៀន បានបន្ថែមថា នេះជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលមានការលំបាក ឬខ្វះខាត គឺមានថ្នាក់ដឹកនាំនៅក្បែរជានិច្ច៕អត្ថបទ៖ កុម្ភះ



