មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានរៀបចំពិធីជួបជុំជនពិការកំបុតដៃទាំងពីរ ទូទាំងប្រទេស ឆ្នាំ២០២៤ ក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដោយជនពិការកំបុតដៃទាំងពីរ ទទួលបានថវិកាចំនួន ១លានរៀលក្នុងម្នាក់។

បន្ទាប់ពីការប្រកាសអំពាវនាវ ដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស មកទទួលការឧបត្ថម្ភពីមូលនិធិ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានផ្ដល់អំណោយឧបត្ថម្ភជាថវិកា ក្នុងម្នាក់មួយលានរៀល ដល់ជនពិការកំបុតដៃទាំងពីរចំនួន ១៧៧ និង ជនមានពិការភាព មិនស្ថិតក្នុងលក្ខខណ្ឌ៨នាក់ផ្សេងទៀត ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារ សាន់ & មូន រីវើសាយ ស្ថិតនៅជាប់ស្ពានអាកាសក្បាលថ្នល់។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថាស្របតាមការអំពាវនាវរបស់មូលនិធិ នៅថ្ងៃនេះ មានសប្បរសជនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមគ្នាជាមួយមូលនិធី ដើម្បីផ្ដល់អំណោយជាថវិកាដល់ជនពិការកំប៉ុតដៃទាំងពីរ នៅទូទាំងប្រទេសលើកទី១៤។ អ្នកឧកញ៉ាបន្ដថាក្រៅពីផ្ដល់ថវិកាជូនគាត់ម្ដងក្នុងម្នាក់ ១លានរៀល មូលនិធិក៏បានជួយជាថវិកាដល់ពួកគាត់ សម្រាប់យកទៅសិក្សារៀនសូត្រជំនាញច្បាស់លាស់ ដើម្បីប្រកបរបបចិញ្ចឹមជីវិត លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ខ្លះទៀតបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្ររហូតមានការងារធ្វើ។ មកដល់ពេលនេះ ជនពិការកំប៉ុតដៃទាំងពីរ មួយចំនួន មានភាពរឹងមាំទាំងស្មារតី និងជីវភាព ឈានទៅឯករាជ្យលើខ្លួនឯង ថែមទាំងអាចជួយដល់គ្រួសារថែមទៀតផង។ អ្នកឧកញ៉ាបន្តថា នេះជាផ្នែកមួយដែលបានចូលរួមចំនែកជួយទៅដល់រាជរដ្ឋាភិបាល តាមរយៈការលើកទឹកចិត្ត ការផ្តល់ឱកាស អោយជនមានពិការភាពអាចបន្តដំណើរជីវិតរបស់ពួកគេទៅមុខទៀត។ ទោះបីជាពួកគាត់មានពិការភាព ប៉ុន្តែមិនពិការបេះដូង មានន័យថា ពួកគាត់មានសមត្ថភាពពិសេសដែលបុគ្គលទូទៅខ្លះ មិនអាចធ្វើបាន ។ ជនពិការមិនមែនជាបន្ទុករបស់អ្នកណាម្នាក់នោះឡើយប្រសិនបើ ពួកគេទទួលបានការគាំទ្រ លើកទឹកចិត្ត និងការផ្តល់ឱកាស រៀនសូត្រចាប់យកចំណេះជំនាញ។ ផ្ទុយទៅវិញពួកគេនឹងក្លាយជា ធនធានមនុស្សដ៏សំខាន់ដើម្បីចូលរួមចំណែកជួយដល់គ្រួសារ សង្គម និង ប្រទេសជាតិទាំងមូល។

ជាក់ស្តែងតំណាងជនមានពិការភាពកំបុតដៃទាំង២ មួយចំនួនបានរៀនចប់ថ្នាក់បរិញ្ញាបត្រ អ្នកខ្លះកំពុងរៀនឆ្នាំទី៣ អ្នកខ្លះជាសិល្បៈករផ្នែកគំនូរ ខ្លះជាអ្នកព័ត៌មានវិទ្យា ពួកគេសុទ្ធតែមានសមត្ថភាពមិនចាញ់ ជនដែលគ្មានពិការភាព។ ដោយពួកគេបានថ្លែងអំណរគុណដល់ មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា រួមនឹងសប្បុរជនគ្រប់រូប ដែលបានជួយឧបត្ថម្ភដល់ពួកគេ ដោយបានយកថវិកានោះទៅរៀនសូត្របន្ត ខ្លះយកទៅធ្វើជាដើមទុន ចិញ្ចឹមសត្វ ធ្វើកសិកម្ម មានជំនាញ មុខរបរច្បាស់លាស់ អាចជួយខ្លួនឯងបានដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះ ជនពិការកំបុតដៃទាំង២ ចំនួនជាង ៣០០នាក់ ដែលមកពី ២១ រាជធានី ខេត្ត ដែលទទួលបានការឧបត្ថម្ភពីមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ។ អ្នកឧកញ៉ាជារតនា នៅតែបន្តអំពាវនាវ ដល់ជនមានពិការភាពកំបុតដៃទាំង២ដោយមូលហេតុអ្វីក៏ដោយ ដែលមិនទាន់បានទទួលការឧបត្ថម្ភ អាចបន្តទាក់ទងមកកាន់មូលនិធិដើម្បីទទួលបានថវិកា៕ អត្ថបទ ៖ សូដាវណ្ណ




