សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញ បន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ។

ពិធីនេះ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមប្រចាំការក្រសួងមុខងារសាធារណៈ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក ជំទាវជាឧត្តមភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែលត្រូវទទួលប្រកាសថ្មី ព្រមទាំងលោកជំទាវ លោកស្រី ជា ច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា “គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារ ណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូត ដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន១០.៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩ ៥៩៤នាក់ ស្មើនឹង២៧%។ ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី សរុបនៅទូទាំងប្រទេសមានចំនួន ៩៥.៨៧៩នាក់ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧.៨៥១ នាក់ ពោលគឺស្មើនឹង៤២%នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា គិតពីឆ្នាំ ២០១៩ ដល់ត្រឹម ត្រីមាសទី១ នៃឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេចក្នុងវិស័យមុខងារសាធារ ណៈមានការកើនឡើងជាបន្តបន្ទាប់ ពី២៥% ដល់២៧%។ ទន្ទឹមនេះចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីកើនពី៤០% ដល់ ៤២%។

ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ពិធីនាព្រឹកនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។ ស្របពេលជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវ បានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ: និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារី ក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាស ភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែង ចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និង សង្គមជាតិរបស់យើងទាំងអស់គ្នា»៕ អត្ថបទ . ភារម្យ
