ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែង មានធ្វើពិធីប្រគល់ទទួលកូនឈើចំរុះចំនួន២០០០០ដើម ។ ពិធីប្រគល់កូនឈើរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃជូនរដ្ឋបាលស្រុកវាលវែង ក្នុងពេលនេះប្រព្រឹត្តិទៅក្រោម អធិបតីរបស់ លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង និងលោក John Willis នាយកប្រចាំប្រទេសអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដោយមានការចូលរួមពីមន្ត្រីរាជការអង្គភាពចំណុះរដ្ឋបាលស្រុកវាលវែង មន្ទីរបរិស្ថាន បុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សរុបប្រមាណ៥០រូប។

ក្នុងឱកាសនោះ លោក John Willis បានលើកឡើងថា ក្នុងឆ្នាំ២០២៣ ក្រសួងបរិស្ថានដែលមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជារដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធ សាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជា អាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថានកិច្ច ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ “គឺជា ប្រទេសដែលមានអព្យាក្រឹត្យកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០។

យុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថានមានមុំចំនួន៣ និងមានយុទ្ធសាស្ត្របីសំខាន់គឺ ទី១ ភាពស្អាត ទី២ភាពបៃតង និងទី៣ចីរភាព។ ដើម្បីចូលរួមគាំទ្រយុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំ របស់ក្រសួងបរិស្ថាន ដែលជាយុទ្ធនា ការសំខាន់មួយបំពេញឱ្យយុទ្ធសាស្ត្រទី២ ភាពបៃតង អង្គការសម្ព័ន្ធមិត្តសត្វព្រៃបាននឹងកំពុងបរិច្ចាគកូន ឈើចំនួន ១៩៧ ០០០ដើម ដែលជាប្រភេទពូជព្រៃត្រូពិកចំនួន១៨ ប្រភេទរួមមាន ធ្នង់ គ្រញូង បេង នាងនួន ស្លៀក គគីរ ឈើទាល និងពូជប្រភេទផ្សេងទៀតផងដែរ។ ក្នុងចំណោមកូនឈើចំនួន១៩៧ ០០០ ដើម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងបរិច្ចាគជូនក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកោះកុង មន្ទីរ បរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកវាលវែង និងមួយផ្នែកទៀតគឺរក្សាទុក សម្រាប់ដាំនៅចំណុចអន្ទង់អាំងតាមបណ្តោយផ្លូវជាតិលេខ៥៥ ។

ក្នុងនោះដែរ លោក ម៉ុម បូផាន់ អភិបាលរងស្រុក សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលតែងតែមានកិច្ចសហការល្អ និងការគ្រាំទ្រ ដល់រដ្ឋបាលស្រុកវាលវែង ក្នុងកិច្ចការងារ អភិរក្សការពារព្រៃឈើ ជាក់ស្តែងថ្ងៃនេះរដ្ឋបាលស្រុកវាលវែងទទួលបាន កូនឈើចំរុះចំនួន២០០០០ដើម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ។ លោក ម៉ុម បូផាន់ បានបន្តថា កូនឈើទាំងនេះ នឹងត្រូវយកទៅដាំស្តារព្រៃឈើឡើង លើផ្ទៃដីជិត៤០០០០ហិកតាវិញ តាមឃុំនានាក្នុងស្រុកវាលវែង ដែលរងការកាប់ទន្ទ្រានដោយខុសច្បាប់ ហើយរាជរដ្ឋាភិបាលបានដកហូតយកមករក្សាទុកជាសម្បត្តិរដ្ឋវិញ ក្នុងយុទ្ធនាការបង្ក្រាប់និងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងពេលថ្មីៗកន្លងមកនេះ ជាពិសេសគឺយកទៅដាំនៅតំបន់ជើងភ្នំ១៥០០៕អត្ថបទ៖ ភិរុណ ពៅ




