យោងតាមនគរបាលអ៊ីស្រាអែលបានឱ្យដឹងថា វីដេអូរបស់សាក្សី ដែលបានថត កាលពីថ្ងៃសុក្រ បានបង្ហាញកងកម្លាំងអ៊ីស្រាអែល កំពុងទាញយកសាកសពជាច្រើននាក់ចេញពីរថយន្ដ ដែលក្រឡាប់ដែលអ៊ីស្រាអែលនិយាយថា ជាខ្មាន់កាំភ្លើងប៉ាឡេស្ទីន បន្ទាប់ពីមានការបាញ់តគ្នា ក្នុងអំឡុងពេលវាយឆ្មក់ចាប់ខ្លួន ក្នុងតំបន់កាន់កាប់វេសបែង ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់នគរបាល បាននិយាយថា បុរសពីរនាក់មកពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាតប៉ាឡេស្ទីន បានបើកការបាញ់ប្រហារ លើកងទ័ពអ៊ីស្រាអែលក្នុងអំឡុងពេល ប៉ុនប៉ងឃាត់ខ្លួនពួកគេមួយ នៅក្នុងក្រុងតូចកាល់គីលីយ៉ា(Qalqilya) ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បាននិយាយថា កងទ័ពអ៊ីស្រាអែល បានរារាំងក្រុមគ្រូពេទ្យបឋមមូលដ្ឋានមិនឱ្យចូលទៅដល់រថយន្ដ និងយកសាកសពចេញ ។ មន្រ្ដីសុខាភិបាលប៉ាឡេស្ទីន ក៍បានបញ្ជាក់ពីការស្លាប់បុរសពីរនាក់នេះផងដែរ។
មនុស្សប្រមាណ៥៥០នាក់ ក្នុងនោះរួមមាន សកម្មប្រយុទ្ធជាច្រើននាក់ និងជនស៊ីវិលដែលឈរមើលមួយចំនួន ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល ក្នុងតំបន់វេស បែង ចាប់តាំងពីសង្រ្គាមតំបន់កាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី៧តុលាមក៕

