នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស លោក អ៊ីស្មាអែល អាល់ ថាវ៉ាបតា (Ismail Al-Thwabta) បានប្រាប់អ្នកសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលំនៅឋានជាច្រើនខ្នង ក្នុងជំរំជនភៀសខ្លួន អាល់-សាទី (Al-Shati) ជាជំរំជនភៀសខ្លួនមួយក្នុងចំណោមជំរំជនភៀសខ្លួនទាំង៨ ជាប្រវត្ដិសាស្រ្ដក្នុងតំបន់ហ្កាហ្សា ស្រ្ទីប បានសម្លាប់មនុស្ស២៤នាក់ ។
យោធាអ៊ីស្រាអែល បានចេញសេចក្ដីថ្លែងការខ្លី ដោយនិយាយថា មួយរំពេចកន្លងទៅនេះ យន្ដហោះរបស់កងទ័ពការពារជាតិអ៊ីស្រាអែល បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាហាម៉ាស២កន្លែង ក្នុងសង្កាត់មួយនៃក្រុងហ្កាហ្សា (Gaza City)។
ក្រុមហាម៉ាស មិនបានធ្វើអត្ថាធិប្បាយទេ ទៅលើការអះអាងរបស់អ៊ីស្រាអែល ដែលថាបានវាយប្រហារចំហេដ្ឋារចនាសម្ព័នយោធានោះ។ ក្រុមនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការវាយប្រហារនោះ បានតម្រង់គោលដៅលើប្រជាជនស៊ីវិល និងបានប្ដេជ្ញានៅក្នុងសេចក្ដីថ្លែងការណ៍ថា ការឈ្លានពានទឹកដី និងក្រុមមេដឹកនាំណាហ្ស៊ី (Nazi) នឹងត្រូវទទួលលទ្ធផលសម្រាប់ទង្វើរំលោភបំពាន របស់ខ្លួនប្រឆាំងនឹងប្រជាជនរបស់យើង៕

