តំបន់ជាច្រើន នៃសង្កាត់ទាំង៣ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានរងការជន់លិចទឹកភ្លៀងដែលមិនធ្លាប់មាន ខណៈដំណក់ទឹកភ្លៀងធ្លាក់ឥតដាច់គ្រាប់រយៈពេល២ថ្ងៃនេះ។
លំនៅដ្ឋាន និងផ្លូវថ្នល់ជាច្រើនខ្សែស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង បានកំពុងរងការជន់លិចដោយទឹកភ្លៀងយ៉ាងខ្លាំងមិនធ្លាប់នោះទេ ស្របពេលបរិមាណទឹកភ្លៀងហូរធ្លាប់ពីលើមេឃច្រើន ហើយតំបន់ខ្លះគ្មានប្រព័ន្ធលូរំដោះបានត្រឹមត្រូវនៅឡើយទេ។
តំណាងប្រជាពលរដ្ឋរស់នៅក្នងភូមិ៣ សង្កាត់ស្មាច់មានជ័យ លើកឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ថា ផ្ទះរបស់ពួកគាត់ត្រូវបានទឹកលិចទាំងក្នុង និងក្រៅរយៈពេល២ថ្ងៃហើយ ដែលនាំឱ្យពិបាករស់នៅ ពិសេសមានសត្វអសេរពិលជាច្រើនទៀត។
ក្រុមពលរដ្ឋដដែល ស្នើសុំឱ្យអាជ្ញាធរខេត្តកោះកុង និងមន្ទីរជំនាញ ចុះពិនិត្យទីតាំងដែលប្រឈមនឹងការលិចលង់អំឡុងពេលរដូវវស្សានេះ ដើម្បីរំដោះទឹកចេញទៅតាមប្រឡាយធម្មជាតិ ឬប្រព័ន្ធបង្ហូរទឹកនានា។
ទាក់ទិនបញ្ហាជំនន់ទឹកភ្លៀងនេះដែរ ត្រូវបានលោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភូមិសាស្រ្តរបស់ពលរដ្ឋដែលជន់លិចទឹកខ្លាំង ដោយសហការជាមួយអ្នកជំនាញការធ្វើផ្លូវ៤៨ ដើម្បីរំដោះទឹកតាមប្រព័ន្ធលូមេ និងប្រឡាយធម្មជាតិជាច្រើនកន្លែង។
លោកអភិបាលស្តីទីក្រុងខេមរភូមិន្ទ ពន្យល់ថា ២ថ្ងៃនេះបរិមាណទឹកភ្លៀងមានច្រើនមិនធ្លាប់មានទេ។ ម៉្យាងពលរដ្ឋមួយចំនួនកង្វះការយល់ដឹងពីការទុកដាក់សំរាមឱ្យមានរបៀបរៀបរយបណ្តាលឱ្យកកស្ទះមាត់លូ តែទោះយ៉ាងណាអាជ្ញាធរសមត្ថកិច្ចបានចុះស្តារបើកមុខទឹកផងដែរ៕ អត្ថបទ ឈឹម មករា








