ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែលនៅទីក្រុង តេល អាវីវ (Tel Aviv) កាលពីថ្ងៃសៅរ៍ទី ២២ ខែមិថុនា ខណៈក្រុមមន្រ្តីបានព្យាយាមបំបែកមនុស្សដែលកំពុងប្រមូលផ្តុំនៅជិតទីស្នាក់ការកណ្តាលរបស់គណបក្សលីឃូដ (Likud) ។

ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមនៅតែបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ ការជួបជុំគ្នាចំនួន២ ត្រូវបានធ្វើឡើងនៅកន្លែងផ្សេងគ្នាក្នុងទីក្រុង តេល អាវីវ (Tel Aviv) ដឹកនាំដោយក្រុមគ្រួសារនៃចំណាប់ខ្មាំងក្រុមហាម៉ាស ដែលបានអំពាវនាវឱ្យមានការដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ។
ក្រុមបាតុករក៏បានប្រមូលផ្តុំគ្នាដើម្បីធ្វើខួបកំណើតគម្រប់ ២០ ឆ្នាំរបស់មនុស្សទីស្រឡាញ់ម្នាក់ឈ្មោះ ណាម៉ា ឡេវី (Naama Levy) ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅ ដែនដីហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣មក។
នគរបាល អ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកតវ៉ាបីនាក់ត្រូវបានឃុំខ្លួន។
ក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល១.២០០នាក់នៅក្នុងការវាយឆ្មក់កាលពីឆ្នាំមុន និងបានចាប់មនុស្សជាចំណាប់ខ្មាំងជាង ២៥០ នាក់។ ការឆ្លើយតបរបស់អ៊ីស្រាអែលបានធ្វើឱ្យដែនដីហ្កាហ្សា រងការបំផ្លិចបំផ្លាញ និងបានសម្លាប់មនុស្សជាង ៣៧.៤០០នាក់៕
