ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមជម្រាបថា ការដ្ឋានព្រែកជីកហ្វូណនតេជោ បាននឹងកំពុងដំណើរត្រៀមរៀបចំដើម្បីទទួលបានការចុចប៊ូតុងជាផ្លូវការពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងគមនាគមន៍ផ្លូវទឹកយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ និងសក្តានុពលរបស់កម្ពុចា ដើម្បីតភ្ជាប់ទឹកសាប និងទឹកសមុទ្រក្នុងការនាំទំនិញទៅកាន់ពិភពលោក និងផ្ដល់ឯករាជភាពក្នុងការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដោយមិនចាំបាច់ពឹងដង្ហើមប្រទេសដទៃឡើយ។ គម្រោងព្រែកជីកនេះនឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕



