បាតុករមកពីប្រទេសអាល្លឺម៉ង់ អូទ្រីស និងបារាំង បានប្រមូលផ្តុំគ្នានៅទីក្រុង ឃៃ ស៊ើស្លោធើន (Kaiserslautern) ភាគនិរតីនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ ដោយទាមទារឱ្យបិទមូលដ្ឋានទ័ពអាកាសរាំស្តេន (Ramstein) របស់កងទ័ពអាកាសអាមេរិកនៅក្បែរនោះ និងជំរុញឱ្យបណ្តាប្រទេសលោកខាងលិចបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្រោយមកនៅថ្ងៃនោះ អ្នកតវ៉ាជិត ១.០០០នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង នេះ។ ដោយកំពុងថ្លែងសុន្ទរកថា និងច្រៀងចម្រៀងសន្តិភាព ក្រុមបាតុករបានថ្កោលទោសចំពោះទង្វើរបស់សហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀត ក្នុងការបង្កើនភ្លើងសង្គ្រាម និងប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។
ពួកគេបាននិយាយថា ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២មក សហរដ្ឋអាមេរិកបាននិងកំពុងគៀងគរការគាំទ្របន្តិចម្តងៗ ផ្នែកយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន ដែលនាំឱ្យមានស្ថានភាពអូសបន្លាយ និងកាន់តែតានតឹង។ ក្រៅពីនេះ ក្រុមបាតុករបានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានបង្កភាពតានតឹងក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសនៅអឺរ៉ុប។
ពួកគេបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ចូលរួមក្នុងការចរចានិងដោះស្រាយវិបត្តិដោយមធ្យោបាយការទូត៕
