ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួនបានកត់ត្រាការស្លាប់ចំនួន ១.៣០១ នាក់ ចំណោមអ្នកធ្វើធម្មយាត្រាក្នុងរដូវបុណ្យប្រពៃណីសាសនាអ៊ីស្លាម ហាជី (Hajj) ។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា រដ្ឋមន្ត្រីសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីត លោក ហ្វាអាល់ ចាឡាចេល(Fahd Al-Jalajel) បាននិយាយថា វិស័យថែទាំសុខភាពរបស់ព្រះរាជាណាចក្រមួយនេះ បានដោះស្រាយករណីក្ដៅខ្លាំងជាច្រើន ដោយបុគ្គលមួយចំនួននៅតែស្ថិតក្នុងការថែទាំសុខភាពនៅឡើយ។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានមនុស្សចាស់ និងអ្នកជំងឺរ៉ាំរ៉ៃជាច្រើននាក់ ដោយបង្ហាញថាកម្ដៅបានប៉ះពាល់ដល់អ្នកធ្វើធម្មយាត្រាដែលមិនបានចុះឈ្មោះច្រើនបំផុតដល់ទៅ៨៣% ខណៈពួកគេបានដើរផ្លូវឆ្ងាយ ក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ ដោយគ្មានកន្លែងជ្រក ឬសម្រាកឲ្យបានគ្រប់គ្រាន់។
ជនរងគ្រោះទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសាររបស់ពួកគេបានជូនដំណឹង ទោះបីជាមានការខ្វះខាតព័ត៌មានផ្ទាល់ខ្លួន ឬឯកសារអត្តសញ្ញាណដំបូងក៏ដោយ។
លោកបានបន្ថែមថា ដំណើរការរៀបចំត្រឹមត្រូវ ត្រូវបានអនុវត្តសម្រាប់ការកំណត់អត្តសញ្ញាណ ការបញ្ចុះសព និងការចេញលិខិតបញ្ជាក់មរណភាព៕