លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ថា ដំណាក់កាលដ៏ខ្លាំងក្លានៃសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងដែនដីហ្កាហ្សា ជិតបញ្ចប់ហើយ ហើយថាការផ្តោតអារម្មណ៍របស់យោធាអាចបង្វែរទៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយលីបង់ វិញ។
ពុំមានន័យថាសង្រ្គាមនឹងបញ្ចប់នោះទេ ប៉ុន្តែសង្រ្គាមនៅក្នុងដំណាក់កាលបច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅ ក្រុងរ៉ាហ្វា (Rafah)។ នេះជាការពិត។ យើងនឹងបន្តដកស្មៅ ដកទាំងឬស នៅពេលក្រោយ។

លោក នេតាន់យ៉ាហ៊ូ (Netanyahu) បានប្រាប់ទូរទស្សន៍ Channel 14 នៅក្នុងបទសម្ភាសន៍មួយទល់មុខគ្នាជាលើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា២០២៣មក ។

លោកក៏បាននិយាយផងដែរថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីបង្កើតកិច្ចព្រមព្រៀងមួយផ្នែក ជាមួយក្រុមហាម៉ាស ដើម្បីបញ្ជូនចំណាប់ខ្មាំងមួយចំនួនមកវិញ ខណៈលោកបញ្ជាក់ឡើងវិញពីជំហររបស់លោកថា សង្រ្គាមនឹងនៅតែបន្តបន្ទាប់ពីបទឈប់បាញ់ ដើម្បីសម្រេចបាននូវគោលដៅនៃការលុបបំបាត់ក្រុមហាម៉ាស។

លោក Netanyahu បានបន្ថែមថា បន្ទាប់ពីបញ្ចប់ដំណាក់កាលដ៏ខ្លាំងក្លា យើងនឹងមានលទ្ធភាពផ្លាស់ប្តូរអំណាចមួយចំនួននៅភាគខាងជើង ហើយយើងនឹងធ្វើតាមផែនការរបស់យើង។
លោកបន្តថា ទី១ ក្នុងគោលបំណងការពារ និងទី២ គឺដើម្បីនាំអ្នកស្រុករបស់យើងវិលមកផ្ទះផងដែរ។ បើយើងអាចធ្វើតាមបែបនយោបាយ នោះជារឿងអស្ចារ្យ។ បើមិនដូច្នោះទេ យើងនឹងធ្វើតាមវិធីផ្សេង ប៉ុន្តែយើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅផ្ទះវិញ ទាំងអ្នកស្រុកខាងជើង និងខាងត្បូង៕