ស្ត្រីជនជាតិប្រេស៊ីល បានចេញធ្វើបាតុកម្មក្នុងទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យមានការដកចេញនូវសេចក្តីស្នើច្បាប់នៅក្នុងសភាអភិរក្សនិយមរបស់ប្រទេសប្រេស៊ីល ដែលពាក់ព័ន្ធទៅការរម្លូតកូនបន្ទាប់ពីមានគត៌រយៈពេល២២សប្តាហ៍ ថាជាករណីមនុស្សឃាត ដែលនឹងមានការកាត់ទោសឱ្យជាប់ពន្ធនាគារពី៦ឆ្នាំទៅ២០ឆ្នាំ។

ស្ត្រីជាច្រើន បានដុតរូបសំណាករបស់ប្រធានសភារបស់ប្រទេសប្រេស៊ីល និងកាន់ស្លាកសរសេរថា «កូនពុំមែនជាម្តាយទេ» បានដើរចេញធ្វើបាតុកម្ម ដើម្បីទាមទារសិទ្ធិចំពោះការបន្តពូជ។

អ្នកតវ៉ា បានស្នើសុំឱ្យលុបចោលច្បាប់នេះជាពិសេស ពុំមែនគ្រាន់តែពន្យារពេលនោះទេ។
ការរម្លូតកូន ត្រូវបានអនុញ្ញាតនៅក្នុងប្រទេសប្រេស៊ីល តែក្នុងករណីនៃការចាប់រំលោភ គភ៌មានបញ្ហា ឬនៅពេលដែលជីវិតរបស់ម្តាយស្ថិតក្នុងគ្រោះថ្នាក់។
ប្រសិនបើសេចក្តីស្នើច្បាប់ មានការគាំទ្រពីសមាជិកសភា នោះការរម្លូតកូនដោយជនរងគ្រោះដោយការចាប់រំលោភនឹងត្រូវបានបកស្រាយនៅក្នុងច្បាប់ថាជាករណីមនុស្សឃាត បន្ទាប់ពីមានគត៌រយៈពេល២២សប្តាហ៍។
ច្បាប់រម្លូតកូនដោយការរឹតត្បិតរបស់ប្រទេសប្រេស៊ីល មានន័យថា ស្ត្រីជនជាតិប្រេស៊ីលជាច្រើនដែលស្វែងរកការបញ្ចប់ការមានគត៌ ងាកទៅរកការរម្លូតកូនដោយខុសច្បាប់ពុំមានសុវត្ថិភាព និងនីតិវិធីមិនត្រឹមត្រូវ បណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ជារៀងរាល់ឆ្នាំ។
ក្រុមអ្នករិះគន់និយាយថា សំណើនេះ គឺជាវិធីសាស្រ្តដែលដាក់គំនាបខ្លាំងបំផុតចំពោះសិទ្ធិបន្តពូជរបស់ស្ត្រី ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ និងជាការដើរថយក្រោយសម្រាប់សិទ្ធិស៊ីវិល និងសិទ្ធិមនុស្ស។