យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងនៅថ្ងៃចន្ទ (២៤ មិថុនា) នេះថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិក ជុំវិញការពង្រីកការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន។

លោក ផាក ជុងឈុន (Pak Jong Chon) ប្រមុខមន្ត្រីយោធារបស់កូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ KCNA ថា រុស្ស៊ី មានសិទ្ធិជ្រើសរើសធ្វើការវាយប្រហារសងសឹកគ្រប់ប្រភេទ។

លោកក៏បានរិះគន់ខ្លាំងៗជុំវិញការអត្ថាធិប្បាយរបស់មន្ទីរបញ្ចកោណ កាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន អាចប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារកងកម្លាំងរុស្ស៊ី គ្រប់ទីកន្លែងឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី។ លោក ផាក បានបន្ថែមថា កូរ៉េខាងជើងនឹងតែងតែឈរនៅជាមួយកងទ័ព និងប្រជាជនរុស្ស៊ី ជានិច្ចក្នុង «ការតស៊ូដើម្បីការពារសិទ្ធិអធិបតេយ្យភាព» របស់ពួកគេ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នៅទីក្រុងព្យុងយ៉ាង ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេល ២៤ ឆ្នាំ៕