លោក អាឡិចស៊ី លីខាឆេវ (Alexei Likhachev) ប្រធានក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ រ៉ូសាថូម (Rosatom) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃចន្ទ (២៤ មិថុនា) នេះថា ប្រទេសរុស្ស៊ី បានផ្តល់ជំនួយដល់ប្រទេសវៀតណាម ក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ទីក្រុងហាណូយ។

លោក លីខាឆេវ ដែលបានរួមដំណើរជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅវៀតណាម កាលពីសប្តាហ៍មុនបាននិយាយថា លោក ពូទីន បានផ្តល់ការជួយបែបនេះជូនលោកនាយករដ្ឋមន្រ្តីវៀតណាម ហ្វាំ មីញជីញ (Pham Minh Chinh)។ សារព័ត៌មាន RIA បានដកស្រង់សម្តីលោក លីខាឆេវ ថា «យើងបានផ្តល់ជម្រើសដែលអាចធ្វើបានទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងការសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាម»។

ប្រទេសវៀតណាម មិនមានរោងចក្រថាមពលនុយក្លេអ៊ែរទេ ហើយបានលុបចោលផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរទីតាំងដំបូងរបស់ខ្លួនកាលឆ្នាំ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រ ហ្វ៊ូគូស៊ីម៉ា (Fukushima) នៅជប៉ុន និងដោយសារបញ្ហាថវិកា។ លោក លីខាឆេវ បានបន្ថែមថា មុនពេលវៀតណាម លុបចោលគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទាំងនោះ ក្រុមហ៊ុននុយក្លេអ៊ែរ រ៉ូសាថូម បានផ្តល់ជូនទីក្រុងហាណូយ នូវគម្រោងមួយដោយផ្អែកលើអង្គភាពថាមពលខ្ពស់ជាមួយនឹងម៉ាស៊ីនរ៉េអាក់ទ័រទំនើបរបស់រុស្ស៊ី។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ជាទីដែលលោក ពូទីន បានទទួលការស្វាគមន៍ក្នុងពិធីយោធាដ៏អធិកអធមនេះ រុស្ស៊ី និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើបញ្ហារួមទាំងថាមពល ដោយគូសបញ្ជាក់ពីចំណុចស្នូលរបស់ទីក្រុងមូស្គូ ចំពោះអាស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន៕