រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីម៉េ (Crimea) ដោយប្រើមីស៊ីលចំនួនប្រាំគ្រាប់ផ្គត់ផ្គង់ដោយអាមេរិក ដែលបានសម្លាប់មនុស្ស ៤ នាក់ក្នុងនោះមានកុមារ ២ នាក់ និងមនុស្សជាង ១៥០ នាក់ទៀតរបួស។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលចំនួនបួននៃប្រព័ន្ធមីស៊ីលតាកទិកកងទ័ព (ATACMS) ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដែលបំពាក់ដោយក្បាលគ្រាប់ចង្កោម ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ហើយគ្រាប់មីស៊ីលទីប្រាំ បានបំផ្ទុះនៅកណ្តាលអាកាស។

អាជ្ញាធរដែលដំឡើងដោយរុស្ស៊ី នៅតំបន់គ្រីម៉េ បាននិយាយថា បំណែកមីស៊ីលបានធ្លាក់ក្បែរឆ្នេរមួយនៅភាគខាងជើងនៃទីក្រុង សេវ៉ាស្តូភូល (Sevastopol) ជាទីដែលអ្នកស្រុកកំពុងវិស្សមកាលសម្រាកលំហែកាយ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានប្រតិកម្មខឹងសម្បារយាងខ្លាំងក្នុងចំណោមឥស្សរជនសាធារណៈរុស្ស៊ី។

ក្រសួងការពារជាតិបាននិយាយថា អ្នកឯកទេសអាមេរិកបានកំណត់ការសម្របសម្រួលនៃការហោះហើររបស់មីស៊ីលនៅលើមូលដ្ឋាននៃព័ត៌មានពីផ្កាយរណបចារកម្មរបស់ខ្លួន ដែលមានន័យថាទីក្រុងវ៉ាស៊ីនតោន ជាអ្នកទទួលខុសត្រូវដោយផ្ទាល់លើការវាយប្រហារនោះ។ រុស្ស៊ី បានដាក់បញ្ចូលឧបទ្វីបគ្រីម៉េ ក្នុងឆ្នាំ២០១៤ ហើយឥឡូវនេះបានចាត់ទុកឧបទ្វីបសមុទ្រខ្មៅមួយនេះថាវាជាផ្នែកសំខាន់មួយនៃទឹកដីខ្លួន ទោះបីជាពិភពលោកភាគច្រើនចាត់ទុកថាវានៅតែជាផ្នែកមួយនៃអ៊ុយក្រែនក៏ដោយ៕