ក្រុមហ៊ូទី នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើនាវាពីរគ្រឿងនៅសមុទ្រក្រហម និងនៅមហាសមុទ្រឥណ្ឌា។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយថា នាវាទីមួយ ត្រេនវើល ណាវីហ្កេតធ័រ(Transworld Navigator) ត្រូវបានកំណត់គោលដៅនៅលើសមុទ្រក្រហម ដោយប្រើប្រាស់ «ទូកលើផ្ទៃទឹកគ្មានអ្នកបើកបរ» ដែលបានទៅបុកដោយផ្ទាល់ជាមួយនាវា។
លោកបាននិយាយថា នាវាទីពីរ ត្រូវបានវាយប្រហារនៅមហាសមុទ្រឥណ្ឌា ដោយប្រើប្រាស់មីស៊ីលតម្រង់គោលដៅ ជាច្រើនគ្រាប់។ គេនៅពុំទាន់ដឹងច្បាស់នៅឡើយទេថាតើ ការវាយប្រហារទាំងនេះ បានកើតឡើង នៅពេលណា។

លោក និយាយថា នាវាទាំងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែល បានបំពានលើបម្រាមមិនឲ្យចូលកំពង់ផែដែលប៉ាឡេស្ទីនកាន់កាប់។
ក្រុមសកម្មប្រយុទ្ធហ៊ូទី របស់ប្រទេសយេម៉ែន បាននិងកំពុងបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីល នៅក្នុងផ្លូវដឹកជញ្ជូនតាមសមុទ្រ ចាប់តាំងពីខែវិច្ឆិកា ដោយនិយាយថា ខ្លួនធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។