ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់ទីក្រុងអាថែន (ANA) បានរាយការណ៍ថា រដ្ឋអាជ្ញាប្រទេសក្រិក កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់សមាជិកនាវិកចំនួន១៣នាក់ពីបទ បង្កអគ្គិភ័យ បន្ទាប់ពីការបាញ់កាំជ្រួចចេញពីនាវា ដែលតាមការចោទប្រកាន់ថាបានបង្កឱ្យមានចំហេះព្រៃ នៅលើកោះ Hydra ។

សារព័ត៌មានជាច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប្រទេសក្រិក បានរាយការណ៍ថា សមាជិកនាវិក ដែលត្រូវបានចោទប្រកាន់ កាលពីថ្ងៃអាទិត្យ គឺជាសមាជិកនៃនាវាមួយឈ្មោះ ភឺសេហ្វូនី ១ (Persefoni I) ដែលបានចតនៅជាយក្រុងភាគខាងត្បូងទីក្រុងអាថែន កាលពីថ្ងៃអាទិត្យ។
នាវិកទាំងអស់ ជាជនជាតិក្រិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេបានចាប់ផ្តើមឲ្យមានចំហេះព្រៃ កាលពីល្ងាចថ្ងៃសុក្រ ហើយពួកគេបានបដិសេធការចោទប្រកាន់ទាំងអស់។

ទីភ្នាក់ងារសារព័ត៌មាន ANA បានរាយការណ៍ថា នាវិក និងប្រធានក្រុម នឹងឆ្លើយតបចំពោះការចោទប្រកាន់នៅចំពោះមុខអ្នកស៊ើបអង្កេតនៅថ្ងៃពុធ។
នាវា ដែលត្រូវបានជួលដោយភ្ញៀវទេសចរបរទេសមួយនេះ ត្រូវបានអាជ្ញាធរប្រទេសក្រិក រឹបអូស។