ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន៨នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ២៣មិថុនា ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលាបណ្តុះបណ្តាលមួយនៅជិតទីក្រុង ហ្កាហ្សា ដែលត្រូវបានប្រើដើម្បីចែកចាយជំនួយ ខណៈរថក្រោះអ៊ីស្រាអែលបានរុញច្រានបន្ថែមទៀតចូលទៅក្នុងទីក្រុងរ៉ាហ្វា ( Rafah) ភាគខាងត្បូង។

អ្នកឃើញហេតុការណ៍បាននិយាយថា ការវាយប្រហារបានប៉ះចំផ្នែកមួយនៃសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រប់គ្រងដោយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA ដែលឥឡូវនេះកំពុងផ្តល់ជំនួយដល់គ្រួសារជនភៀសខ្លួន។
អ្នកឃើញហេតុការណ៍ម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតបាននិយាយ អ្នកខ្លះមកទទួលប័ណ្ណ ហើយអ្នកខ្លះទៀតបានរត់គេចចេញពីផ្ទះសម្បែងមកស្នាក់នៅទីនេះ។ អ្នកខ្លះកំពុងចាក់ទឹក រីឯអ្នកខ្លះទៀតកំពុងទទួលប័ណ្ណ ហើយភ្លាមៗនោះយើងឮសំឡេងអ្វីមួយធ្លាក់ រំពេចនោះយើងទាំងអស់គ្នាក៏បានរត់គេចយ៉ាងស្លន់ស្លោ។

អ្នកសារព័ត៌មាន Reuters ម្នាក់ បានឃើញអគារទាបមួយត្រូវបានរងការបំផ្លិចបំផ្លាញទាំងស្រុង ហើយសាកសពត្រូវបានរុំដោយក្រណាត់ភួយ ដាក់នៅម្ខាងផ្លូវ ដើម្បីរង់ចាំគេមកដឹក។
កាលពីថ្ងៃសៅរ៍២២មិថុនា ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សយ៉ាងហោចណាស់៤២ នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្រុកនានានៃទីក្រុង ហ្កាហ្សា ភាគខាងជើង ត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ៕