ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ F1 ក្នុងឆ្នាំ២០២១ នឹងមិនមានការប្រកួតនៅលើទឹកដីជប៉ុនឡើយ បន្ទាប់ពីម្ចាស់ផ្ទះជប៉ុនបានប្រកាសលុបចោលកាលវិភាគប្រកួត លើទឹកដីរបស់ខ្លួនដោយសារការកើនឡើងនៃករណីឆ្លងថ្មីមេរោគកូវីដ-១៩។

ការសំរេចចិត្តលុបចោលនេះធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន នេះបើតាមការលើកឡើងរបស់ F1។ F1 នៅពេលនេះកំពុងត្រួតពិនិត្យមើលកាលវិភាគឡើងវិញ និងស្វែងរកប្រទេសដែលអាចទទួលកាលវិភាគដែលខ្វះចន្លោះនេះ។ F1 នៅទឹកដីជប៉ុនឆ្នាំមានកាលវិភាគប្រកួតនៅក្នុងខែតុលាចន្លោះថ្ងៃទី៨ ដល់ ១០ ដែលជាជុំទី ១៧ ក្នុងចំណោម ២៣ទីលាន។ មិនមែនតែជប៉ុនមួយទេដែលសំរេចចិត្តលុបចោលការប្រកួត F1 នៅលើទឹកដីរបស់ខ្លួន អូស្ត្រាលី ចិន កាណាដា និងសឹង្ហបុរីសុទ្ធតែបានប្រកាសលុបចោល។
ពីរឆ្នាំជាប់គ្នាហើយដែលជប៉ុនលុបចោលការប្រកួត F1 នៅលើទឹកដីរបស់ខ្លួនដោយសារកូវីដ-១៩នេះ ហើយកាលពីឆ្នាំ២០១៩ ការប្រកួតទទួលរងនូវឥទ្ធិពលខ្យល់ព្យុះកំណាច Hagibis។ ការប្រកួត F1 រដូវកាល ២០២១ នេះនឹងបន្តទៅដល់ទឹកដីប៊ែលហ្ស៊ិកថ្ងៃទី២៩ ខែសីហានេះ ស្របពេលជើងឯក ៧សម័យ Lewis Hamilton កំពុងនាំមុខ ៨ពិន្ទុលើកីឡាករហូឡង់ Max Verstappen៕
អត្ថបទ៖នាង សុភាវុធ