មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតចាប់ពីកម្ពុជាចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុនអនឡាញខ្នាតយក្ស អាលីបាបា កាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន រហូតមកដល់ពេលនេះ មានចំនួនប្រមាណ ២៦,០០០ ផលិតផល។
នៅក្នុងកិច្ចសម្ភាសន៍កម្មវិធីសេដ្ឋកិច្ចរបស់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ផលិតផលកម្ពុជាកាន់តែច្រើនឡើងបានដាក់តាំងលក់លើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលើ អាលីបាបា មានដូចជា ទំនិញប្រភេទកសិកម្ម ឧស្សាហកម្មស្រាល សម្លៀកបំពាក់ ស្បែកជើង និងសិប្បកម្ម។ល។
ក្នុងកិច្ចសម្ភាសន៍ដដែលនោះ ឯកឧត្តម បានបញ្ជាក់ថា គ្រប់ផលិតផលរបស់កម្ពុជាទំរាំបានចូលទៅដល់ទីផ្សារ អាលីបាបា គេបានតេស្ត និងសាកល្បងទំនិញខ្មែររួចទៅហើយ ដោយមិនឲ្យម្ចាស់ទំនិញបានដឹងខ្លួននោះទេ ដូចជា អង្ករ ផ្លែមៀន ទុរេន និងគ្រាប់ស្វាយចន្ទីរជាដើម មុនសម្រេចឲ្យដាក់លក់។ ឯកឧត្តមបានបន្ថែមថា មុនដំបូងផលិតផលខ្មែរចំនួនប្រមាណ ១,៦០០មុខទំនិញប៉ុណ្ណោះ ដែលដាក់តាំងលក់ ប៉ុន្តែរហូតមកដល់ពេលនេះ បានកើនដល់ចំនួនជាង ២៦,០០០ផលិតផល ដោយមាន អ្នកផ្គត់ផ្គង់ក្នុងការលក់ (Supplier) ចំនួនជាង ៣,០០០ ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកឡើងនូវបញ្ហាឧសគ្គមួយចំនួនដែរ ក្នុងការដាក់លក់ទំនិញនានាលើផ្សារមួយនេះ យ៉ាងដូច្នេះថា
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុន Alibaba.com" ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាននានាដែលពាក់ព័ន្ធ និងដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនកំពុងត្រូវការ។ សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារអនឡាញ អាលីបាបា មានអតិថិជនសរុបចំនួនប្រមាណ ១,៣០០លាននាក់ នៅទូទាំងសាកលលោក៕អត្ថបទ ឈិត បូរ៉ាវី



