វិស័យឯកជនកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការជំរុញអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង និងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិស្របតាមចក្ខុវិស័យ នៃការជំរុញឱ្យក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិតប្រាកដ។

ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នេះថា ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម ពីព្រោះវិស័យនេះមានលក្ខណៈអន្តរសកម្មភាពច្រើន ងាយ បត់បែន និងសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅតាមកាលៈទេសៈនៃការអភិវឌ្ឍបច្ចេកវិទ្យា ជាក់ស្តែងនាពេលកន្លងមកនេះ FASMEC បានធ្វើការជាច្រើន ជាពិសេសនាលទ្ធផលចុងក្រោយនេះ FASMEC បានបើកសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទ កូវីដ-១៩”ជូនសមាជិកសមាជិកាគ្រប់បណ្តារាជធានី-ខេត្ត ដើម្បីផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម ទទួលបានូវព័ត៌មានទាក់ទងនឹងច្បាប់បញ្ញាតិនានា ក្រុមហ៊ុន និងធនាគារដៃគូរជាដើម។
ឧកញ៉ា បន្តថា ដើម្បីភាពរីកលូតលាស់នៅក្នុងការធ្វើអាជីវកម្ម រាជរដ្ឋាភិបាលនៅក្នុងអណត្តិថ្មីនេះ ក្នុងយុទ្ធសាស្រ្តបញ្ចា កោណដំណាក់កាលទី១ បញ្ចាកោណទី៥ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, ជាក់ស្តែងមកដល់បច្ចុប្បន្នការអភិវឌ្ឍន៍បច្ចេក វិទ្យាឌីជីថល បានកំពុងដើរដល់របត់ថ្មីមួយទៀត នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត Ai, ដែលបញ្ហានេះ លោកឧកញ៉ា ចង់ឲ្យសមាជិក របស់ FASMEC គួរសិក្សាស្វែងយល់បន្ថែមតាម Ai, ជាពិសេសកម្មវិធី Rean-Ai ដើម្បីជាប្រយោជន៍សម្រាប់ជំនួយក្នុងអាជីវកម្ម។

ជុំវិញ Ai នេះ, លោកបណ្ឌិត ឡាយ គីរី ស្ថាបនិកបង្កើតប្រព័ន្ធបច្ចេកវិទ្យា Ai លើកឡើងថា បញ្ញាសិប្បកម្មិត Ai វាគឺជាប្រព័ន្ធ មួយ អាចជួយដោះស្រាយបញ្ហារបស់មនុស្ស និងធ្វើសកម្មភាពដូចមនុស្ស។ ដូច្នេះ Ai អាចធ្វើឲ្យយើងទទួលបានផលប្រយោជន៍ មានទំនាក់នង់កាន់តែកាន់តែល្អ និងធ្វើឲ្យកិច្ចការងារកាន់តែរលូន ។ ជាក់ស្តែងនាពេលកន្លងមក ក្រុមហ៊ុនមួយចំនួនតែងតែជួលអ្នក ជំនាញដើម្បីមកប្រឹក្សាយោបល់ ជំរុញការអភិវឌ្ឍន៍អាជីវកម្មឲ្យកាន់តែប្រសើរ។ ប៉ុន្តែក្នុងបរិបទរីកចម្រើននេះ ម្ចាស់អាជីកម្មអាចសិក្សា ស្រាវជ្រាវធ្វើដោយខ្លួនឯង តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Ai ជាពិសេសតាមកម្មវិធី Rean-Ai អាចម្ចាស់អាជីវកម្មបីដូចកំពុងទទួលបាន អ្នកពិគ្រោះក្នុងការធ្វើអាជីវកម្ម ក្នុងការឈានទៅអភិវឌ្ឍន៍អាជីវកម្មរបស់អស់លោកអ្នកកាន់តែរីកចម្រើន។

ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះដែរ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ នឹងបន្តរៀបចំសេចក្តី ព្រាងអនុក្រិត្យ ស្តីពីការបង្កើត និងគ្រប់គ្រង់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) ដើម្បីទាក់ទាញវិនិយោគិន ថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងបង្កើតប្រព័ន្ធប្រទាក់ក្រឡា ទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាសធុនតូច និងមធ្យម និងការវិនិយោគពីបរទេស ជាពិសេសការបង្កើតមជ្ឈមណ្ឌលគាំទ្រធុរកិច្ច និង SMEs ក្នុងការចាប់យកឌីជីថល សំដៅចូលរួមបណ្តុះ ផ្នត់គំនិតសហគ្រិនភាព និងលើកកម្ពស់ការប្រើប្រាស់ និងការចាប់បច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្ម ដើម្បីប្រសិទ្ធភាពក្នុងប្រតិបត្តិការ អាជីវកម្ម ក្នុងគោលដៅជំរុញវិស័យនេះឲ្យក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិតប្រាកដ៕ អត្ថបទ៖ សុន រ៉ាឌី

