លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើការ បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទB ពីម្តាយទៅកូននៅសេវាសុខាភិបាលឯកជន។
សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនៃក្រសួងសុខាភិបាល សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បណ្តាអង្គភាពពាក់ព័ន្ធផ្សេងៗ ព្រមទាំងអង្គការជាតិ និងអន្តរជាតិនានាជាដៃគូ និងមានការឧបត្ថម្ភដោយមូលនិធិសកល។ គោលបំណងសំខាន់សម្រាប់សិក្ខាសាលានេះ គឺពិភាក្សា និងពិគ្រោះយោបល់លើសេចក្តីព្រាង និយាមបែបបទប្រតិបត្តិស្តីពីការបង្ការការចម្លងមេរោគអេដស៍ស្វាយ និងរលាកថ្លើមប្រភេទB ពីម្តាយទៅកូន នៅសេវាសុខាភិបាលឯកជន ដើម្បីឈានទៅបញ្ចប់ និងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេស ដើម្បីជួយពន្លឿនការលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទB ពីម្តាយទៅកូន នៅប្រទេសកម្ពុជាយើង។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា សេវាគ្របដណ្តប់ នៃការបង្ការការចម្លងមេរោគ អេដស៍ ស្វាយ និងរលាកថ្លើមប្រភេទB ពីម្តាយទៅកូនសម្រេចបាននៅទូទាំងប្រទេសនាឆ្នាំ២០២២។ អត្រាស្ត្រីមានផ្ទៃពោះទទួលបានការពិនិត្យមុនសម្រាល យ៉ាងតិចមួយដង បានកើនឡើងដល់៩៩% ហើយភាគរយស្ត្រីមានផ្ទៃពោះបានទទួលការធ្វើតេស្តរកមេរោគអេដស៍ រក្សាបានលើសពី៩៥% ចាប់តាំងពីឆ្នាំ២០២១មក។ ស្ត្រីមានផ្ទៃពោះ ដែលវិជ្ជមានមេរោគអេដស៍បានទទួលការព្យាបាលបានកើនឡើងពី៣៧%នៅឆ្នាំ២០១០ មកដល់៩៦% នាឆ្នាំ២០២៣។ លទ្ធផលនេះបានធ្វើឱ្យមានការធ្លាក់ចុះជាលំដាប់ នៃការប៉ាន់ប្រមាណ នៃការចម្លងមេរោគអេដស៍ពីម្តាយទៅកូនពី១៧,៥% ក្នុងឆ្នាំ២០១៥ មកត្រឹម៨,២% នៅឆ្នាំ២០២៣។ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលាទាំងមូលលើចំណុចអាទិភាព មួយចំនួនដែលត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ដើម្បីឈានទៅសម្រេចផែនការលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទB ពីម្តាយទៅកូន៖ បង្កើនការធ្វើតេស្តរកមេរោគអេដស៍ និងមេរោគស្វាយ ក្នុងអំឡុងពេលមានផ្ទៃពោះឱ្យបាន>៩៥%,ពង្រឹងការថែទាំការព្យាបាលសម្រាប់ស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ ឱ្យបាន>៩៥%, ពង្រឹងការព្យាបាល និងការតាមដានបន្តចំពោះទារកដែលប្រឈមនឹងមេរោគអេដស៍ ឱ្យបាន>៩០%, ពង្រឹងការព្យាបាលជំងឺស្វាយក្នុងពេលមានផ្ទៃពោះ ឱ្យបាន>៩០%, រៀបចំឱ្យមានការចូលរួមអនុវត្តកម្មវិធីPMTCTនៅសេវាឯកជន និងពង្រីកការផ្តល់សេវាPMTCTជំងឺរលាកថ្លើមប្រភេទបេ ទៅ ២០ ស្រុកប្រតិបត្តិ បន្ថែមទៀត៕ អត្ថបទ រដ្ឋា




