ភ្នំពេញ៖ គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំដោយ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការទទួលស្វាគមន៍ពីអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC ។
ក្នុងអំឡុងពេលធ្វើគារវកិច្ចចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC ដែលទទួលបានសិទ្ធិសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ បានថ្លែងថា ដំណើរការនៃការសាងសង់ បាននិងកំពុងប្រព្រឹត្តទៅដោយរលូន ដោយគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ ២០២២ មុនដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣។
លោកមហាសេដ្ឋីផ្នែកសាងសង់ដ៏ល្បីនៅកម្ពុជារូបនេះ បន្ថែមថា ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិមួយនេះ ធ្វើឡើងដោយក្រុមការងារបច្ចេកទេស ដែលសុទ្ធតែមានជំនាញច្បាស់លាស់ ដោយមានអ្នកខ្លះធ្លាប់ធ្វើការនៅប្រទេសសិង្ហបុរី និងអ្នកជំនាញខ្លះទៀត បញ្ចប់ការសិក្សានៅប្រទេសជប៉ុន កូរ៉េ ចិន និងវៀតណាម ជាដើម។
ជាមួយគ្នានេះអ្នកឧកញ៉ា ពុង ឃាវសែ ក៏បានចាត់ទុកដំណើរមកត្រួតពិនិត្យការសាងសង់ របស់ប្រតិភូរដ្ឋលេខាធិការអាកាសចរស៊ីវិល នៅថ្ងៃទី ៣០ ខែកញ្ញា នេះថា ជាការលើកទឹកចិត្ត និងបានបង្កើននូវការកក់ក្តៅបន្ថែមទៀតសម្រាប់ក្រុមការងាររបស់ក្រុមហ៊ុន ក្នុងការកសាងព្រលានយន្តហោះប្រវត្តិសាស្ត្រមួយនេះ ហើយអ្នកឧកញ៉ា សង្ឃឹមថា ឯកឧត្តម ម៉ៅ ហាវណ្ណាល់ នឹងដឹកនាំក្រុមការងារមកពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ រៀងរាល់ ៦ ខែម្តង។
នៅក្នុងដំណើរចុះត្រួតពិនិត្យនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបង្ហាញការគាំទ្រចំពោះដំណើរការសាងសង់អាកាសយានដ្ឋានថ្មីនេះ ដោយឯកឧត្តមលើកឡើងថា ព្រលានយន្តហោះលំដាប់អន្តរជាតិដែលធ្វើដោយកូនខ្មែរមួយនេះ មិនមែនធ្វើឡើងសម្រាប់ប្រយោជន៍តែក្រុមហ៊ុនមួយនោះឡើយ តែវាជាប្រយោជន៍សម្រាប់ប្រជាជនខ្មែរទាំងមូល ដើម្បីទុកជាប្រវត្តិសាស្ត្រ និងលើកស្ទួយនូវកិត្យានុភាពជាតិផងដែរ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានថ្លែងអណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីអ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមការងារក្រុមហ៊ុន។ ឯកឧត្តម បន្តថា ដំណើរមកត្រួតពិនិត្យដំណើរការសាងសង់ព្រលានយន្តហោះថ្មីរបស់ក្រុមការងាររដ្ឋលេខាធិការអាកាសចរស៊ីវិលនៅពេលនេះ ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការសាងសង់ សម្រាប់រាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចប្រមុខរដ្ឋាភិបាល បានចុះពិនិត្យការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ។
សូមបញ្ជាក់ថា ក្រុមហ៊ុន CAIC ដែលទទួលបានសិទ្ធិសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ កើតចេញពីក្រុមហ៊ុនចម្រុះពីរ គឺក្រុមហ៊ុន OCIC និងក្រុមហ៊ុន SSCA ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ អាកាសយានដ្ឋានថ្មីនេះ មានចម្ងាយ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ៨ គីឡូម៉ែត្រ ពីក្រុងតាខ្មៅ នៅលើផ្ទៃដី ២៦០០ ហិកតា។
ការសាងសង់អាកាសយានដ្ឋាននេះ ចែកចេញជា ៣ ដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ ចំណាយទឹកប្រាក់ប្រមាណ ១៥០០ លានដុល្លារ ដោយមិនរាប់បញ្ចូលទាំងតម្លៃដី ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣ ដែលអាចទទួលភ្ញៀវទេសចរជាង ១៣ លាននាក់ក្នុងមួយឆ្នាំ។
ចំណែកដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដោយអាចទទួលភ្ញៀវទេសចរបាន ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ បញ្ចប់ការអភិវឌ្ឍនៅឆ្នាំ ២០៥០ ហើយអាចទទួលភ្ញៀវទេសចរបាន ៥០ លាននាក់ ក្នុងមួយឆ្នាំ៕ អត្ថបទ៖ ជា ធីរិទ្ធ
