ទូកក្ដោង៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី គ្រោងសហការគ្នារៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិមួយ នៅខេត្តព្រះសីហនុនាខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
ការលើកឡើងនេះបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ របស់គណៈកម្មាធិការជាតិ CAMSOC កាលពីដើមសប្ដាហ៍កន្លងទៅ ហើយបានទទួលការគាំទ្រពីទំហឹងពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយសម្ដេចបានជំរុញឲ្យរៀបចំទៀតផង។ ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា បន្ទាប់ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ មិនត្រូវបានម្ចាស់ផ្ទះវៀតណាមដាក់ប្រភេទកីឡាទូកក្ដោងក្នុងការប្រកួត សហព័ន្ធកីឡាទូកក្ដោងសិង្ហបុរីក៏បានបើកភ្លើងខៀវ ចូលរួមសហការជាមួយសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្ដោងអន្ដរជាតិមួយ នៅខេត្តព្រះសីហនុ នាចុងឆ្នាំនេះដោយគ្រោងមានអត្តពលិកប្រហែល ៧-៨ប្រទេសចូលរួម។
ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការគម្រោងរៀបចំព្រឹត្តិការណ៍អន្ដរជាតិនៅកម្ពុជានេះ ដ្បិតប្រសិនបើមិនមានការប្រកួតអន្ដរជាតិនោះទេ អាចជាផលលំបាកសម្រាប់ការត្រៀមខ្លួន ក៏ដូចជាការវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម។ ដូច្នេះកិច្ចសហការរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរីគឺជាការល្អមួយដើម្បីជំរុញវិស័យកីឡាទូកក្ដោងកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា