បច្ចុប្បន្នសិស្សានុសិស្សកម្ពុជាមួយចំនួន ដែលសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប កំពុងអភិវឌ្ឍន៍ខ្លួនជាខ្លាំង ទៅលើមុខវិជ្ជាSTEM។ ក្នុងនោះពួកគេ ក៏កំពុងសិក្សាជាប្រចាំលើមុខវិជ្ជាមួយឈ្មោះថា Robot Think Robotic ជាមុខវិជ្ជាដែលនាំចូលមកពីប្រទេសអាមេរិក។ ការសិក្សាលើមុខវិជ្ជានេះ គឺអនុវត្តដូចគ្នា ទៅការសិក្សារបស់កុមារនៅ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃ ដែលសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើបផងដែរ។ នេះជាការលើកឡើងរបស់ លោក ប៊ី លីហ៊ួ ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាទំនើប ព្រះនរោត្តម។

មជ្ឈមណ្ឌលសិក្សាទំនើប ជាគ្រឹះស្ថានសិក្សាដែលផ្ដល់ការសិក្សាពេញមួយថ្ងៃ។ ការសិក្សា គឺអនុវត្តទៅតាមកម្មវិធីសិក្សាជាតិ ១វេន និងអនុវត្តកម្មវិធីសិក្សាទំនើប ១វេន។ ការសិក្សាបែបទំនើបនេះ រាប់បញ្ចូលទាំងការសិក្សាភាសាចិន ភាសាអង់គ្លេស កំព្យូទ័រ ក៏ដូចជាថ្នាក់រ៉ូបូតផងដែរ។ សម្រាប់ការសិក្សារ៉ូបូតនេះ សាលាមានកម្មវិធីសិក្សា Robot Think Robotic ជាកម្មវិធីសិក្សាផ្តោតសំខាន់លើ មុខវិជ្ជា STEM មកពីប្រទេសអាមេរិក។ នេះជាការបញ្ជាក់របស់លោក ប៊ី លីហួ ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាទំនើប ព្រះនរោត្តម។

លោក ប៊ី លីហ៊ួ លើកឡើងថា ការរៀននិងបង្រៀន Robot Think Robotic នៅគ្រប់មជ្ឈមណ្ឌលសិក្សាទំនើបនៅកម្ពុជា គឺអនុវត្តដូចគ្នាទៅនឹងការរៀន និងបង្រៀន របស់កុមារនៅប្រទេសអាមេរិក ក៏ដូចជាកុមារនៅប្រទេសដទៃផងដែរ។ ការសិក្សាកំពុងអនុវត្តសម្រាប់សិស្សគ្រប់កម្រិតថ្នាក់ចាប់ពីថ្នាក់ទី ១ឡើងទៅ។ ការសិក្សាគឺអនុវត្តជាភាសាអង់គ្លេស ទៅតាមមេរៀន ជាមួយនឹងសម្ភារដែលនាំចូលពីប្រទេស អាមេរិក ផងដែរ។ លើសពីនេះ គ្រូបង្រៀនលើមុខវិជ្ជានេះ សុទ្ធតែត្រូវបានទទួលការបណ្ដុះបណ្ដាល ពីអ្នកជំនាញបរទេសជាមុន។

សម្រាប់កុមារថ្នាក់ទី ៦ ដែលកំពុងសិក្សាលើមុខវិជ្ជា រ៉ូបូតនៅព្រឹកនេះ កំពុងអនុវត្តយ៉ាងមមាញឹកក្នុងការដំឡើងនិងបញ្ជាគ្រឿងចក្រ។ ពួកគេពេញចិត្ត ទៅលើមុខវិជ្ជា រ៉ូបូត នេះ ដោយពួកគេបានសិក្សារយៈពេល ៣ឆ្នាំមកហើយ។ ពួកគេមានសមត្ថភាព អាចដំឡើងបង្កើត និងបញ្ជាគ្រឿងចក្រមួយចំនួន រួមមានទាំង Excavator, Helicopter ជាដើម។ ពួកគេម្នាក់ៗបង្ហាញគោលជំហរ នឹងបន្តសិក្សាលើមុខវិជ្ជា តិចណូឡូជី មួយនេះ សម្រាប់ពេលអនាគត។
បច្ចុប្បន្នមជ្ឈមណ្ឌលសិក្សាទំនើប មានចំនួន ៧។ ៦សាលាស្ថិតនៅរាជធានីភ្នំពេញ និង១ សាលាស្ថិតនៅខេត្តកំពង់ឆ្នាំង។ មជ្ឈមណ្ឌលសិក្សាទំនើប ២ទីតាំង ផ្សេងទៀត ក៏គ្រោងបើកដំណើរការនៅឆ្នាំសិក្សាក្រោយផងដែរ។ ការសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប ជាការសិក្សាបង់ថ្លៃ។ សិស្សត្រូវបង់ថវិកាប្រមាណ ៥០០ ទៅ ៦០០ដុល្លារ៕ អត្ថបទ៖ គឹមហុក





