ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានបើក “កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត តាមរយៈចូលរួមដោយផ្ទាល់សរុបចំនួន៤៥រូប និងតាមប្រព័ន្ធនិម្មិត សរុបចំនួន៣៤គណនី។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានរលឹកនូវអភិក្រម នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ គោលនយោបាយជាតិនេះ មានឆន្ទៈយកប្រជាពលរដ្ឋជាគោល និងមានគោលបំណង ១)កាត់បន្ថយការចម្លងថ្មីតិចជាង១នាក់ ឬប្រមាណជា២០០នាក់ក្នុងមួយឆ្នាំ ២) កាត់បន្ថយការស្លាប់ដោយសារមេរោគអេដស៍ ឱ្យនៅក្រោម២០០នាក់ក្នុងមួយឆ្នាំ និង៣) លុបបំបាត់ការមាក់ងាយ និងរើសអើង។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានរំលឹកឡើងវិញ នូវផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ដែលមានចក្ខុវិស័យ៖ ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុខភាពល្អ និងមានផលិតភាព មានសិទ្ធិពេញលេញ គ្មានមេរោគអេដស៍ និងជំងឺអេដស៍ និងគ្មានការមាក់ងាយ និងរើសអើង និងមានបេសកកម្ម ធានាបាននូវការសម្របសម្រួលជាពហុវិស័យឆ្លើយតប នឹងមេរោគអេដស៍បានល្អ ដោយមានការចូលរួមប្រកបដោយបរិយាបន្ន ដោយមូលដ្ឋាន និងសហគមន៍ជាម្ចាស់ ផ្តោតលើប្រជាពលរដ្ឋជាធំ មានភាពធន់ និងមានចីរភាព ដោយមានគោលដៅ៖ ការឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យប្រកបដោយចីរភាព ដែលធានាថាជំងឺអេដស៍លែងជាការគំរាមកំហែងសុខភាពសាធារណៈចាប់ពីឆ្នាំ២០២៨តទៅ។ ផែនការយុទ្ធសាស្រ្តនេះ មានការគាំទ្រដោយគោលបំណងចំនួន ៤ ដូចជា៖ ១) ផ្តល់ការបង្ការ ព្យាបាល ថែទាំ និងគាំទ្រទូលំទូលាយ និងមានប្រសិទ្ធភាព តាមរយៈការសម្របសម្រួលល្អ និងប្រើប្រាស់វិធីសាស្រ្តជំរុញការចូលរួមជាពហុវិស័យ ២) ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម និងបង្កើតបរិយាកាសអំណោយផលឱ្យក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ បានទទួលសេវាមេរោគអេដស៍ សេវាសុខាភិបាល និងសេវាគាំទ្រផ្នែកច្បាប់ ព្រមទាំងសង្គមផ្សេងទៀតប្រកបដោយប្រសិទ្ធភាព ៣) កសាងសមត្ថភាពស្ថាប័ន សហគមន៍ និងបុគ្គល ដើម្បីពង្រឹងការឆ្លើយតបដោយសហគមន៍ និងកែលម្អការធ្វើសមាហរណកម្មឆ្លើយតប នឹងមេរោគអេដស៍ក្នុងវិស័យសុខាភិបាល និងមិនមែនសុខាភិបាល និង៤) ធានាចីរភាពសមិទ្ធផលជាតិ នៃការឆ្លើយតបនឹងមេរោគអេដស៍ ដោយការបង្កើនការវិនិយោគជាតិ និងការពង្រឹងប្រព័ន្ធប្រទេសឆ្លើយតបនឹងមេរោគអេដស៍ដោយអភិបាលកិច្ច សម្របសម្រួល និងត្រួតពិនិត្យ។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖
• សូមប្រញាប់ប្រញាល់ ទៅបញ្ជូនជនរងគ្រោះដោយករណីរំលោភ ទៅធ្វើតេស្តរកមេរោគអេដស៍ ដើម្បីអាចឱ្យបង្ការបាននូវការចម្លងមេរោគអេដស៍ តាមរយៈកម្មវិធីបង្ការឆ្លងមេរោគអេដស៍ក្រោយការប្រឈម។
• គោរពនូវគោលការណ៍នៃការឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ ដែលរួមមាន៖ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ
o ភាពជាម្ចាស់ឬភាពជាអ្នកដឹកនាំ សំដៅដល់គំនិតផ្តួចផ្តើម ការសម្របសម្រួល ការតម្រង់ទិស ការកែលម្អ ការបំពេញបន្ថែមលើចំណុចខ្វះខាត និងការត្រួតពិនិត្យវាយតម្លៃដែលរាជរដ្ឋាភិបាលដាក់ចេញ។
o ភាពជាដៃគូ សំដៅដល់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍ ស្ថាប័នអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិល ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ព្រោះបើគ្មានការចូលរួមពីដៃគូ នោះការឆ្លើយតបនេះនឹងមិនសម្រេចបានជោគជ័យឡើយ។
o ការវិនិយោគ សំដៅដល់ការបោះទុនគាំទ្រកម្មវិធីអេដស៍ បើគ្មានធនធានសមស្របទេ កម្មវិធីនោះ ក៏មិនអាចសម្រេចជោគជ័យបាន។ ម្យ៉ាងទៀត ភាពជាដៃគូក៏មានទិសដៅទាក់ទាញឱ្យដៃគូទាំងនោះបោះទុន ជួយផ្តល់ធនធានហិរញ្ញវត្ថុ និងជំនាញដល់កម្មវិធីអេដស៍ដែរ ទើបកម្មវិធីនោះទទួលជោគជ័យ។
• ស្នើសុំឱ្យសមាជិកទាំងអស់ បញ្ចូលទៅក្នុងក្រុមណាមួយនៃក្រុមយុទ្ធសាស្រ្តជាតិទាំងប្រាំ ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ជាពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕ អត្ថបទ រដ្ឋា




