យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ឱ្យដឹងថា មនុស្សម្នាក់បានគាំងបេះដូងស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួស នៅថ្ងៃចន្ទនេះ ខណៈអគ្គិភ័យបានឆាបឆេះ នៅរោងចក្រផលិតអាគុយមួយ នៅប្រទេសកូរ៉េខាងត្បូង។

អគ្គិភ័យ បានឆាបឆេះរោងចក្រផលិតអាគុយនៅទីក្រុង Hwaseong ចម្ងាយប្រហែល៤៥គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១០:៣១ នាទីព្រឹក ម៉ោងក្នុងស្រុក។

មនុស្សម្នាក់ បានគាំងបេះដូង និង៦នាក់ផ្សេងទៀត បានរងរបួសក្នុងនោះ មានម្នាក់រងរបួសធ្ងន់។
ចំនួនអ្នកស្លាប់និងរងរបួសកាន់តែច្រើន ត្រូវបានគេរំពឹង ខណៈមនុស្ស២១នាក់ផ្សេងទៀត ត្រូវបានគេជឿថា បានជាប់ខ្លួននៅខាងក្នុងរោងចក្រ។
អាជ្ញាធរពន្លត់អគ្គិភ័យ បានចល័តរថយន្តពន្លត់អគ្គិភ័យចំនួន១៤៥គ្រឿង និងសម្ភារជាច្រើនទៀត ប៉ុន្តែពួកគេព្យាយាមពន្លត់អគ្គិភ័យក្នុងស្ថានភាពលំបាក ដោយសារអណ្តាតភ្លើងរបស់អាគុយ ដែលមានសារធាតុលីចូម ឆាបឆេះខ្លាំង។