ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសចិន នៅថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ បានចេញការព្រមានពណ៌ក្រហម ជាកម្រិតព្រមានខ្ពស់បំផុតរបស់ខ្លួន សម្រាប់ភ្លៀងធ្លាក់ខ្លាំង នៅទូទាំងបណ្តាខេត្តភាគខាងកើត។

វីដេអូ នៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីទន្លេឡើងខ្លាំង ដីស្រែចំការជន់លិច ហើយអ្នកស្រុកត្រូវបានជម្លៀសចេញ តាមទូក កាលពីថ្ងៃអាទិត្យ។

រដូវកាលទឹកជំនន់ប្រចាំឆ្នាំ បានចាប់ផ្តើមលឿនជាងធម្មតាក្នុងឆ្នាំនេះ នៅភាគខាងត្បូងប្រទេសចិន ដោយមានព្យុះដ៏ខ្លាំង បានវាយបោកបក់បំផ្លាញស្ពាន បំផ្លាញលំនៅឋាន បំផ្លិចបំផ្លាញទិន្នផលកសិកម្ម និងបានជន់លិចទីក្រុងជាច្រើន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ដោយបានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលឧតុនិយមជាតិ ដែលបានរាយការណ៍ថា តំបន់ជាច្រើនអាចនឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ខណៈភ្លៀងនៅបន្តធ្លាក់ ឆ្ពោះទៅភាគខាងជើង។