ក្រុមមន្ត្រីជាមួយក្រុមគាំទ្រដោយអ៊ីរ៉ង់ និងក្រុមអ្នកវិភាគ និយាយថា យុទ្ធជនរាប់ពាន់នាក់មកពីក្រុមគាំទ្រដោយអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា បានត្រៀមខ្លួនរួចជាស្រេចទៅកាន់ប្រទេសលីបង់ ដើម្បីចូលរួមជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាក្នុងសមរភូមិរបស់ខ្លួន ជាមួយអ៊ីស្រាអែល ប្រសិនបើជម្លោះដែលកំពុងកើនឡើងនេះ ក្លាយជាសង្គ្រាមពេញទំហឹងនោះ។

ការបាញ់ប្រហារគ្នាស្ទើរតែរាល់ថ្ងៃ បានកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែលភាគខាងជើង ចាប់តាំងពីក្រុមសកម្មប្រយុទ្ធមកពីតំបន់ហ្កាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើអ៊ីស្រាអែលភាគខាងត្បូង កាលពីដើមខែតុលា ដែលបានចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្កាហ្សា។

ស្ថានភាពនៅភាគខាងជើង កាន់តែអាក្រក់ឡើងក្នុងខែនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ ក្រុមហេសបូឡា បានសងសឹកដោយការបាញ់រ៉ុក្កែតរាប់រយគ្រាប់ និងបានវាយប្រហារដោយយានដ្រូនចូលទៅក្នុងអ៊ីស្រាអែលភាគខាងជើង។
មន្ត្រីអ៊ីស្រាអែល បានគំរាមវាយលុកដោយយោធា នៅក្នុងប្រទេសលីបង់ ប្រសិនបើគ្មានការចរចា បញ្ចប់ដើម្បីរុញច្រានក្រុមហេសបូឡា ចេញពីព្រំដែននោះទេ។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មកពីលីបង់ អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានប្រយុទ្ធជាមួយគ្នា នៅក្នុងជម្លោះរយៈពេល ១៣ឆ្នាំ របស់ប្រទេសស៊ីរី ដោយបានជួយផ្តល់ជំនួយក្នុងការគាំទ្រដល់ប្រធានាធិបតីស៊ីរី បាសា អាសាដ (Bashar Assad)។ មន្ត្រីមកពីក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ពួកគេ ក៏អាចរួមគ្នាម្តងទៀតប្រឆាំងនឹងអ៊ីស្រាអែលផងដែរ។