យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការ សង្រ្គោះកុមារ (Save the Children) នៅថ្ងៃចន្ទ (២៤ មិថុនា) នេះបានឱ្យដឹងថា សង្គ្រាមហ្កាហ្សា បានធ្វើឱ្យកុមារប្រមាណ ២១.០០០ នាក់បាត់ខ្លួន ដោយជាច្រើននាក់ត្រូវភ័យខ្លាចថាជាប់ខ្លួននៅក្រោមគំនរបាក់បែក ជាប់ឃុំ ឬវង្វេងចេញពីក្រុមគ្រួសាររបស់ពួកគេ។

លោកស្រី អាឡិចសានស្រា សៃអេ (Alexandra Saieh) ប្រធានគោលនយោបាយមនុស្សធម៌ និងការតស៊ូមតិ បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា កុមារប្រមាណ ១៧.០០០នាក់ នៅតំបន់ហ្កាហ្សា ត្រូវបានគេប៉ាន់ស្មានថាវង្វេងពីសាច់ញាតិ ជាមួយនឹងកុមារ ៤.០០០នាក់ទៀត ទំនងជាបាត់ខ្លួននៅក្រោមគំនរបាក់បែក។

ក្រុមការពារកុមាររបស់អង្គការនេះ បានរាយការណ៍ពីតម្រូវការនៃសកម្មភាពជាបន្ទាន់ដើម្បីការពារកុមារដែលវង្វេង និងគ្មានសាច់ញាតិ ដែលជាកិច្ចការស្មុគស្មាញព្រោះស្ថានភាពសន្តិសុខកាន់តែតានតឹងខ្លាំង។ លោកស្រី សៃអេ និយាយថា កុមារក្នុងចំនួនដ៏ច្រើនត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល បញ្ជូនចេញដោយបង្ខំពីតំបន់ហ្កាហ្សា ឬបញ្ចុះនៅក្នុងផ្នូរដែលមិនមានស្លាកឈ្មោះ។
ប្រធានគោលនយោបាយមនុស្សធម៌រូបនេះបានលើកឡើងពីការលំបាកក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់កុមារដែលត្រូវបានសម្លាប់ ជាពិសេសអ្នកដែលរកឃើញនៅក្នុងផ្នូរដ៏ធំ ដោយសារតែភាពស្អុយរលួយពិបាកមើលស្គាល់នៃសាកសព។ របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់មានកុមារអ៊ីស្រាអែល ៣៣ នាក់ត្រូវបានសម្លាប់ចាប់តាំងពីខែតុលាមក ជាមួយនឹងកុមារមួយចំនួនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំឃាំងនៅហ្កាហ្សា៕