ស្ត្រីជាងមួយម៉ឺននាក់បានដើរដង្ហែតាមផ្លូវក្នុងទីក្រុងនានាជុំវិញប្រទេសបារាំង កាលពីថ្ងៃអាទិត្យ (២៣ មិថុនា) ដើម្បីតវ៉ាប្រឆាំងនឹងគណបក្ស ប្រមូលផ្តុំជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺពិន (Marine Le Pen) ខណៈដែលការស្ទង់មតិបង្ហាញថាគណបក្សនេះអាចឈ្នះការបោះឆ្នោតសភានាពេលខាងមុខ។

ក្រុមសិទ្ធិមនុស្ស និងសហជីពប្រហែល ២០០ ក្រុមបានរៀបចំការដង្ហែក្បួនតវ៉ានៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងប៉ារីស ដោយនិយាយថា សិទ្ធិស្ត្រីត្រូវបានរងការវាយប្រហារ នៅពេលដែលប្រទេសត្រូវបានគ្រប់គ្រងដោយគណបក្សស្តាំនិយមជ្រុល។ អ្នករៀបចំកាតវ៉ាបាននិយាយថា នៅទីក្រុងប៉ារីស ស្ត្រីជាង ១០.០០០ នាក់បានចូលរួមធ្វើបាតុកម្មដោយសន្តិវិធី។

កាលពីខែមីនា ប្រទេសបារាំង បានដាក់បញ្ចូលសិទ្ធិរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលជាលើកដំបូងគេក្នុងពិភពលោក ប៉ុន្តែសមាជិកសភាបក្ស ប្រមូលផ្តុំជាតិ មួយចំនួនបានប្រឆាំងនឹងច្បាប់នេះ ដោយបង្កើតការព្រួយបារម្ភក្នុងចំណោមសាធារណជនអំពីអាកប្បកិរិយារបស់បក្សចំពោះសិទ្ធិស្ត្រី។

លោកស្រី ស្ហឺលេយ វាដិន (Shirley Wirden) មន្ត្រីទទួលបន្ទុកសិទ្ធិស្ត្រីនៅគណបក្សកុម្មុយនិស្តបារាំង បាននិយាយអំឡុងការតវ៉ាកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉ារីសថា «ក្នុងពេលពេលជជែកដេញដោលជុំវិញការធ្វើឱ្យការរំលូតកូនជាសិទ្ធិពេញលេញតាមរដ្ឋធម្មនុញ្ញ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថាសមាជិកសភាស្តាំនិយមជ្រុល មិនសប្បាយចិត្តនឹងប្រធានបទនេះទេ ហើយពួកគេកំពុងអំពាវនាវឱ្យស្រ្តីបារាំងយកកូនបន្ថែមទៀត»៕