ខណៈជនជាតិអ៊ីស្រាអែលជាច្រើនបានជាប់គាំងក្នុងអារម្មណ៍អសន្តិសុខ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ចំនួនស្ត្រីស្នើសុំការអនុញ្ញាតទិញកាំភ្លើងបានកើនឡើងយ៉ាងខ្លាំង ខណៈដែលក្រុមស្ត្រីនិយម បានរិះគន់ការប្រញាប់ប្រញាល់កាន់កាប់អាវុធនេះ។

យោងតាមទិន្នន័យរបស់ក្រសួងសន្តិសុខ មានការស្នើសុំចំនួន ៤២.០០០ ករណីពីស្ត្រី សម្រាប់ការអនុញ្ញាតប្រើប្រាស់កាំភ្លើងចាប់តាំងពីការវាយប្រហារមក ជាមួយនឹងចំនួន ១៨.០០០ សំណើត្រូវបានអនុម័ត ច្រើនជាងបីដងនៃចំនួនអាជ្ញាប័ណ្ណដែលកាន់កាប់ដោយស្ត្រីនៅមុនពេលមានសង្គ្រាម។

កំណើនដ៏ខ្លាំងក្លានេះបានកើតឡើងដោយសារការបន្ធូរបន្ថយច្បាប់កាំភ្លើងក្រោមរដ្ឋាភិបាលស្តាំនិយមរបស់អ៊ីស្រាអែល និងរដ្ឋមន្ត្រីសន្តិសុខស្តាំនិយមជ្រុលរបស់ខ្លួនគឺលោក អ៊ីតាម៉ា បេនគ្វឺ (Itamar Ben Gvir)។ យោងតាមក្រសួងបានឱ្យដឹងថា ជនស៊ីវិលស្ត្រីជាង ១៥.០០០ នាក់ឥឡូវនេះមានអាវុធប្រើប្រាស់នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់កាន់កាប់ វេសបែង (West Bank) ដោយស្រ្តីចំនួន ១០.០០០ នាក់បានចុះឈ្មោះក្នុងការបណ្តុះបណ្តាលប្រើប្រាស់អាវុធជាកាតព្វកិច្ច។

កំណើនភ្លាមៗសម្រាប់ការទិញកាំភ្លើងនេះគឺមួយផ្នែកដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស ខណៈមួយផ្នែកទៀតគឺដោយសារលោក បេនគ្វឺ បានសន្យាថានឹងបង្កើនចំនួនជនស៊ីវិលដែលកាន់កាប់អាវុធ និង «បង្កើនសមត្ថភាពការពារខ្លួន»។ ក្រោមការដឹកនាំរបស់លោក បេនគ្វឺ ដំណើរការនៃការទទួលបានអាជ្ញាប័ណ្ណកាំភ្លើងត្រូវបានពន្លឿន ដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានរាយការណ៍ថា បន្ទាប់ពីការវាយប្រហារភ្លាមៗរបស់ពួកហាម៉ាស អាជ្ញាធរបានអនុញ្ញាតសំណើកាន់កាប់អាវុធរាប់រយករណីក្នុងមួយថ្ងៃ៕