
ទីបំផុតក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា ដែលដឹកនាំដោយលោក Koji Gyotoku បានបញ្ចប់កំណត់ត្រាមិនស្គាល់ជ័យជម្នះលើក្រុមជម្រើសជាតិ U16 មីយ៉ាន់ម៉ា ក្នុងការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ បានហើយ ក្រោយវាយបកឈ្នះក្នុងលទ្ធផល ២-១ ក្នុងជំនួបបើកឆាកពូល B នៅប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។
សម្រាប់ការប្រកួតដំបូង នៃពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៤ នេះ ក្រុមយុវជន U16 មីយ៉ាន់ម៉ា បានបើកការនាំមុខក្រុមគោព្រៃជំទង់កម្ពុជា ១គ្រាប់មុន នៅវគ្គទី១ ដែលបញ្ចប់ទី១ ដោយកីឡាករ Nyi Nyi Thant នៅនាទី២៥ ។ យ៉ាងណាមិញ ក្រុម U16 កម្ពុជា ដែលសុទ្ធសឹងជាកីឡាករ ទើបមានឱកាសប្រកួតអន្ដរជាតិលើកដំបូង បានព្យាយាមរហូតនាទីចុងក្រោយ ក៏រកបាន ២គ្រាប់វិញ ដោយយុវជនមកពីសាលាបាល់ទាត់ជាតិបាទី ថាច់ ដារ៉ូ ទាំង ២គ្រាប់ ដែលជួយឲ្យកម្ពុជា យកឈ្នះមីយ៉ាន់ម៉ា ២-១ តែម្ដង ។

ជ័យជម្នះនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសស្មារតីប្រយុទ្ធមិនបោះបង់របស់ក្រុមគោព្រៃជំទង់កម្ពុជា រហូតបានយកឈ្នះលើក្រុមខ្លាំងមីយ៉ាន់ម៉ា ហើយនេះក៏ជាលើកដំបូង ដែលកម្ពុជា ទទួលបានជ័យជម្នះលើអតីតក្រុមជើងឯក ២សម័យ ក្នុងពានរង្វាន់យុវជនប្រចាំតំបន់នេះផងដែរ ។
បន្ទាប់ពីរកបាន ៣ពិន្ទុថ្ងៃបើឆាក ក្រុមជម្រើសជាតិ U16 កម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមជើងឯករងឆ្នាំចាស់ U16 វៀតណាម នាថ្ងៃទី២៥ ខែមិថុនាស្អែក មុនការប្រកួតបញ្ចប់ពូលB ជាមួយក្រុមយុវជនប្រ៊ុយណេ នាថ្ងៃទី២៨ ខែមិថុនាខាងមុខ ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ









