
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា សភាអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានដាក់ចេញនូវសំណើមួយដែលតម្រូវឲ្យរដ្ឋាបាលរបស់ប្រទេសនេះ ដាក់កងទ័ពកាណាដាក្នុងបញ្ជីខ្មៅ ជាអង្គភាព«ភេរវកម្ម»។
របាយការណ៍ បាននិយាយថា សំណើដែលត្រូវបានស្នើឡើង នៅក្នុងសម័យប្រជុំសភាក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ គឺដើម្បីឆ្លើយតបទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកាណាដាកាលពីថ្ងៃពុធ ដែលបានប្រកាសកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ជាអង្គការ «ភេរវកម្ម»។
យោងតាមសំណើនេះ រដ្ឋបាលអ៊ីរ៉ង់ នឹងមានកាតព្វកិច្ចក្នុងការដាក់ក្នុងបញ្ជីនូវកងទ័ពកាណាដា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ និងសន្តិសុខដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកាណាដា ជាអង្គភាព«ភេរវកម្ម»។
សារព័ត៌មាន IRNA បាននិយាយថា ក្នុងអំឡុងសម័យប្រជុំនោះ សមាជិកសភាអ៊ីរ៉ង់ចំនួន ២៥០នាក់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះទង្វើ «អរិភាព» របស់រដ្ឋាភិបាលកាណាដា ក្នុងការដាក់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្នុងបញ្ជីខ្មៅ ជាអង្គការភេរវកម្ម។
សមាជិកសភាអ៊ីរ៉ង់ បានសម្តែងការគាំទ្រទាំងស្រុងរបស់ពួកគេចំពោះកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដោយបានពណ៌នាចំណាត់ការរបស់រដ្ឋាភិបាលកាណាដាថា «មិនសមហេតុផល និងផ្ទុយទៅនឹងច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិទាំងអស់» ហើយបានអំពាវនាវឲ្យក្រសួងការបរទេសអ៊ីរ៉ង់ ប្រើមធ្យោបាយនយោបាយ និងអន្តរជាតិ ដែលមានទាំងអស់ ដើម្បីថ្កោលទោសការសម្រេចរបស់ប្រទេសកាណាដានេះ។
