
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន បានការពារការខកខានក្នុងការបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំលើកដំបូងនាពេលខាងមុខរវាងក្រុមតាលីបង់ និងបេសកជនមកពី ប្រទេសចំនួន ២២ ដោយបញ្ជាក់ថា ការទាមទារសិទ្ធិស្ត្រី គឺពិតប្រាកដណាស់នឹងត្រូវបានលើកឡើង នៅពេលនោះ។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Roza Otunbayeva កាលពីថ្ងៃសុក្រ បានឆ្លើយសំណួរ ពីក្រុមអ្នកសារព័ត៌មានអំពីការរិះគន់ពីអង្គការសិទ្ធិមនុស្ស ចំពោះការមិនបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំនៅទីក្រុងដូហារបស់ប្រទេសកាតា នៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា។
ក្រុមតាលីបង់ បានដណ្តើមអំណាច នៅឆ្នាំ ២០២១ ខណៈដែលកងកម្លាំងសហរដ្ឋអាមេរិក និងអង្គការណាតូ បានដកខ្លួនចេញ បន្ទាប់ពីសង្គ្រាមអស់រយៈពេលពីរទសវត្សរ៍។ គ្មានប្រទេសណាមួយ ទទួលស្គាល់ពួកគេជាផ្លូវការថា ជារដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយអង្គការសហប្រជាជាតិ បាននិយាយថា ការទទួលស្គាល់ស្ទើរតែមិនអាចទៅរួចទេ ខណៈដែលការហាមឃាត់លើការអប់រំស្ត្រី និងការងារ នៅតែមាននោះ។

នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) លោកស្រី Tirana Hassan បាននិយាយថា នៅចំពោះមុខការគាបសង្កត់ដ៏តឹងតែងរបស់ក្រុមតាលីបង់ ចំពោះស្ត្រី និងក្មេងស្រី អង្គការសហប្រជាជាតិ គ្រោង នឹងបើកកិច្ចប្រជុំមួយ «ដោយគ្មានសិទ្ធិស្ត្រីលើរបៀបវារៈ ឬស្ត្រីអាហ្វហ្គានីស្ថាននៅក្នុងបន្ទប់ គឺរឿងគួរឲ្យភ្ញាក់ផ្អើល»។
