
ការអះអាងដែលថា សព្វាវុធ កំពុងត្រូវបានរក្សាទុក នៅព្រលានយន្តហោះសំខាន់របស់ទីក្រុងបេរូត ត្រូវបានបដិសេធដោយសមាគមដឹកជញ្ជូនផ្លូវអាកាសរបស់ប្រទេសលីបង់។
សមាគមនដឹកជញ្ជូនផ្លូវអាកាស ដែលគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ នៅអាកាសយានដ្ឋាននេះ បានច្រានចោលការអះអាងដែលថា អាវុធអ៊ី រ៉ង់ កំពុងត្រូវបានដឹកជញ្ជូនតាមយន្តហោះ និងត្រូវរក្សាទុកនៅមជ្ឈមណ្ឌលដឹកជញ្ជូននេះ។
ក្រុមអ្នកគ្រប់គ្រងនៅអាកាសយានដ្ឋាននេះ បានប្រាប់សារព័ត៌មាន The Telegraph ថា ពួកគេ មានការព្រួយបារម្ភអំពីការបង្កើននៃការផ្គត់ផ្គង់អាវុធតាមជើងហោះហើរត្រង់ពីប្រទេសអ៊ីរ៉ង់។
អ្នកគ្រប់គ្រងទាំងនោះ បានអះអាងថា ពួកគេបានសង្កេតឃើញ «ប្រអប់ធំខុសធម្មតា» មកដល់ និងវត្តមានកើនឡើងនៃមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា។
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសលីបង់ បាននិយាយថា ការអះអាងទាំងនេះ គឺជា «លេស និងការភូតកុហក ក្នុងគោលបំណងលាតត្រដាងអាកាសយានដ្ឋានបេរូត និងបុគ្គលិករបស់ខ្លួន» ហើយបានប្រកាសពីដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់អាកាសយានដ្ឋាននេះ នៅថ្ងៃចន្ទនេះ។
នាពេលកន្លងទៅ ក្រុមហេសបូឡា ធ្លាប់ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អាកាសយានដ្ឋានស៊ីវិលសម្រាប់ការរក្សាទុកអាវុធ ប៉ុន្តែក្រុមអ្នកគ្រប់គ្រង បានអះអាងថា បញ្ហានេះ កាន់តែខ្លាំងឡើង ចាប់តាំងពីជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល កាន់តែតានតឹង នៅក្នុងខែតុលា។
