
រយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការសម្រេចចិត្តអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារ មានកំណត់ក្នុងទឹកដីរុស្ស៊ី ប្រទេសនេះ កំពុងទទួលបានភាពជោគជ័យខ្លះ ក្នុងការបញ្ឈប់ការជំរុញថ្មីរបស់រុស្ស៊ី នៅតាមខ្សែត្រៀមជួរមុខភាគឦសាន ប៉ុន្តែមេបញ្ជាការយោធា កំពុងទាមទារឲ្យដកការរឹតបន្តឹងលើមីស៊ីលរយៈចម្ងាយឆ្ងាយ។
ស្ថានភាពសមរភូមិកាន់តែយ៉ាប់យ៉ឺន បានបង្ខំឲ្យសហរដ្ឋអាមេរិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ និងរ៉ុក្កែតដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីការពារទីក្រុងខាគីវភាគខាងកើត ដោយកំណត់គោលដៅលើតំបន់ព្រំដែនដែលកងកម្លាំងរបស់វិមានក្រឹមឡាំងប្រមូលផ្តុំ និងបើកការវាយប្រហារ។ ផលប៉ះពាល់ គឺមានភាពឆាប់រហ័សៈ កងកម្លាំងអ៊ុយក្រែនដែលបានរុញច្រានទីតាំងឈរជើងរបស់រុស្ស៊ីឲ្យដកដកថយ មានពេលវេលា ដើម្បីពង្រឹងទីតាំងឈរជើងរបស់ពួកគេឲ្យកាន់តែប្រសើរឡើង និងថែមទាំងបានធ្វើសកម្មភាពវាយលុកតូចៗទៀតផង។
ប៉ុន្តែមេបញ្ជាការកងទ័ព បាននិយាយថា បើគ្មានសមត្ថភាពប្រើមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយដូចជា ប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព (ATACMS)ទេនោះ ការវាយប្រហាររបស់ពួកគេ នឹងមិនអាចទទួលបានជោគេជ័យឡើយ។
លោក Hefastus មេបញ្ជាការកងកាំភ្លើងធំ នៅក្នុងតំបន់ខាគីវ បាននិយាយថា៖« យើងអាចកំណត់គោលដៅលើកងពលតូច (រុស្ស៊ី) និងក្រុមភាគខាងជើងទាំងមូល ពីព្រោះពួកគេ គឺស្ថិតនៅចម្ងាយពី ១០០ ទៅ ១៥០គីឡូម៉ែត្រពីខ្សែត្រៀមជួរមុខ»។ «គ្រាប់រំសេវធម្មតា មិនអាចទៅដល់ពួកគេទេ។ ជាមួយនឹងមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ យើងអាចវាយប្រហារបានច្រើន ដើម្បីបំផ្លាញទីបញ្ជាកណ្តាលរបស់ពួកគេ»។
