
តុលាការកំពូលរបស់ទីក្រុងហុងកុង បានចាប់ផ្តើមការកាត់ក្តីលើកដំបូងរបស់ខ្លួន លើសំណុំរឿងរបស់អតីតមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពល គឺលោក Jimmy Lai ពាក់ព័ន្ធនឹងតួនាទីរបស់លោក ក្នុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១៩ បន្ទាប់ពីការចាកចេញជាបន្តបន្ទាប់របស់ចៅក្រមបរទេស បានធ្វើឲ្យមានការត្រួតពិនិត្យឡើងវិញលើប្រព័ន្ធតុលាការរបស់ទីក្រុងនេះ។
សាលាឧទ្ធរណ៍ចុងក្រោយ នៅថ្ងៃចន្ទ (ទី២៤ ខែមិថុនា) បានចាប់ផ្តើមបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក Lai និងអតីតសមាជិកសភាចំនួន ៦នាក់ ដែលស្វែងរកការលុបចោលការផ្តន្ទាទោសរបស់ពួកគេ ជុំវិញការចូលរួមការតវ៉ាដោយខុសច្បាប់ ក្នុងខែសីហា ឆ្នាំ២០១៩។ សាលាដំបូង ឬតុលាការជាន់ទាប មុននេះបានប្រកាសថា គ្មានទោសចំពោះសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៧នាក់ពីបទចោទប្រកាន់រៀបចំបាតុកម្មនោះ ប៉ុន្តែបានតម្កល់សាលក្រមមានទោសរបស់ពួកគេ ចំពោះការចូលរួមក្នុងការតវ៉ានោះ។
គួរបញ្ជាក់ថា សវនាការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីចៅក្រមដ៏លេចធ្លោរបស់ចក្រភពអង់គ្លេសមួយរូប គឺលោក Jonathan Sumption បានលាលែងពីតុលាការកំពូល ជាម្នាក់ក្នុងចំណោមបុគ្គលចំនួន ៣រូបដែលបានប្រកាសចាកចេញក្នុងខែនេះ ហើយបានព្រមានអំពី «គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ» ចំពោះនីតិរដ្ឋ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ដោយសារតែការរឹតបន្តឹងយ៉ាងខ្លាំងក្លារបស់ទីក្រុងប៉េកាំង។
ជាមួយគ្នានេះ ការកាត់ក្តី នាថ្ងៃទី២៤ ខែមិថុនានេះ គឺជាលើកទី១ ហើយ ដែលតុលាការកំពូលរបស់ទីក្រុងនេះ បានពិនិត្យការកាត់ទោសលើតួនាទីរបស់លោក Lai ក្នុងការតវ៉ាមួយ។ រូបលោក និងអតីតសមាជិកសភា ក្នុងនោះរួមមានទាំងលោកស្រី Margaret Ng និង Albert Ho ត្រូវបានរកឃើញថា មានទោសពីបទចូលរួមការហែក្បួនដែលត្រូវបានហាមឃាត់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដែលជាការតវ៉ាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងអតីតដែនដីក្រោមអាណានិគមរបស់អង់គ្លេស ហើយត្រូវបានមើលឃើញថា ជាបញ្ហាប្រឈមចំពោះអាជ្ញាធររបស់ទីក្រុងប៉េកាំង៕