
ស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមិថុនា) បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារលើតំបន់ Enerhodar ដែលជាទីក្រុងនៅជិតស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ក្នុងសប្តាហ៍នេះ ត្រូវចំសាខាស្ថានីយអគ្គិសនីចំនួន២ ដែលផ្គត់ផ្គង់នៅតំបន់នោះ។
មន្ត្រីដែលរុស្សីលើកបន្តុបឲ្យគ្រប់គ្រងរោងចក្រនេះ បានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើការវាយប្រហារដោយយានដ្រូនចំនួន២ ដែលបានបំផ្លាញសាខាស្ថានីយមួយ និងបង្កការខូចខាតដល់មួយផ្សេងទៀត ដោយធ្វើឲ្យអ្នកស្រុកដាច់ចរន្តអគ្គិសនីមួយរយៈ។
ដោយមិនបានសំដៅទៅលើប្រទេសអ៊ុយក្រែន លោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា ហេតុការណ៍នោះមិនមានឥទ្ធិពលលើប្រតិបត្តិការរបស់រោងចក្រ Zaporizhzhia នោះទេ។ ប៉ុន្តែលោកបានប្រាប់ថា ការវាយប្រហារត្រូវតែបញ្ឈប់។
តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ IAEA លោក Grossi បានលើកឡើងថា៖ «អ្នកណាក៏ដោយ ដែលនៅពីក្រោយការវាយប្រហារនេះ ត្រូវតែបញ្ឈប់។ ការប្រើប្រាស់យានដ្រូន ប្រឆាំងនឹងរោងចក្រ និងតំបន់នៅជុំវិញរោងចក្រ មានកាន់តែញឹកញាប់ឡើង។ រឿងនេះមិនអាចទទួលយកបានជាដាច់ខាត ហើយវាផ្ទុយទៅនឹងសសរស្តម្ភសុវត្ថិភាព និងគោលការណ៍ដ៏រឹងមាំ ដែលត្រូវបានទទួលយកជាឯកច្ឆន្ទ»។
មន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ ហើយសារព័ត៌មាន Reuters ក៏មិនអាចបញ្ជាក់ដោយឯករាជ្យនូវរបាយការណ៍នេះបានដែរ។ ចំណែកអ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ការវាយប្រហារនេះ បានបង្ហាញពីការមិនយកចិត្តទុកដាក់របស់អ៊ុយក្រែន ចំពោះសុវត្ថិភាពនុយក្លេអ៊ែរ៕