ភ្នំពេញ ៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ថា មកដល់ពេលនេះ យើងមានផលិតករភាពយន្តក្នុងស្រុក ចែកចេញ២ប្រភេទ ទី១. ផលិតករភាពយន្តឯករាជ្យ គឺផលិតភាពយន្តផ្តោតសម្រាប់តែចូលរួមក្នុងមហោស្រពសិល្បៈ និងទី២.ផលិតករផលិតភាពយន្ត គឺផលិតភាពយន្តសម្រាប់តែចូលរួមក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម។
លោក បន្តថា ចំនួនផលិតករទាំងពីរក្រុមខាងលើនេះ មិនទាន់មានចំនួនច្រើនណាស់ណានៅឡើយទេ ប៉ុន្តែសម្រាប់ផលិតករភាពយន្ត ផលិតសម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្ត យើងមានចំនួនប្រហែងជាជាង២០ផលិតកម្ម ហើយក្នុងចំណោម២០ផលិតកម្មនេះ យើងឃើញថាមានចំនួន១០ផលិតកម្មប៉ុណ្ណោះ ដែលសកម្ម ក្នុងការផលិតភាពយន្ត។
ចំណែកលោក មុនី កណ្ណដារង្គ គ្រូបណ្តុះបណ្តាលក្នុងកម្មវិធីភាពយន្តខ្នាតខ្លីកម្ពុជា បានចូលរួមប្រឡូកក្នុងវិស័យភាពយន្តចាប់តាំងពីឆ្នាំ២០១២ ដែលបច្ចុប្បន្នកំពុងផលិតភាពយន្តខ្នាតខ្លី និងផលិតភាពយន្តពាណិជ្ជកម្មផ្សេងៗ និងកំពុងរៀបចំផលិតភាពយន្តខ្នាតធំផងដែរ។ សព្វថ្ងៃលោក មានមោទនភាព ដែលសង្កេតឃើញថា មានយុវជនជាច្រើន បានស្ទុះស្ទៀរ ចង់បង្កើតសាច់រឿងដោយខ្លួនឯង ហើយអ្វីដែលកន្លងមកយើងធ្លាប់បានរៀនសូត្រពីផលិតករវ័យក្មេង គឺមានការតស៊ូ ក្នុងការផលិតភាពយន្តមួយឲ្យល្អ។
ជាចុងក្រោយលោក ប៉ុក បូរក្ស បានបញ្ជាក់ថា បច្ចុប្បន្ននេះ តម្រូវការធនធានមនុស្សលើវិស័យភាពយន្ត មានច្រើន ដូចជា៖ អ្នកដឹកនាំរឿង អ្នកសរសេរ អ្នកបច្ចេកទេស អ្នកកាត់ត តម្លើងរូបភាព។ ជាពិសេសនៅអំឡុងខែវិចិ្ឆកា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ផលិតករវ័យក្មេង ដែលបានផលិតភាពយន្តរួចរាល់ហើយ អាចយកសា្នដៃរបស់ខ្លួន ចូលរួមក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា ដែលជាកន្លែងមួយវាស់ស្ទង់ ពិនិត្យមើលលើកម្រិតស្នាដៃ ហើយលើកទឹកចិត្តតាមរយៈការផ្តល់ពានរង្វាន់ផ្សេងៗផងដែរ។ ក្រៅពីនោះនាយកដ្ឋាន ក៏បានផ្តល់ឱកាសសិក្សា ជូនដល់យុវជន លើការបណ្តុះបណ្តាល ជាក់ស្តែងក្នុងក្របខណ្ឌក្រសួង យើងបានទទួលពី AFCNet (Asian Film Commissions Network) ជាកម្មវិធីសិក្សាមួយ ដែលទទួលសិស្សមកពីតំបន់អាស៊ាន ឲ្យចូលសិក្សាលើការផលិតភាពយន្តនៅប្រទេសកូរ៉េ មួយវិញទៀត យើងក៏កំពុងធ្វើកិច្ចសហការជាមួយផលិតកម្មចំនួន២ទៀត ក្នុងកម្មវិធីProducer Work Shop(កសាងធនធានផលិតករ) ទាំងអស់នេះ គឺជាការបណ្តុះបណ្តាល កសាងធនធានមនុស្សក្នុងវិស័យភាពយន្ត ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជានាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ ខិតខំកៀរគរ រកដៃគូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង លើវិស័យភាពយន្ត៕
អត្ថបទ ៖ រដ្ឋា









