ប្រតិបត្តិការរុករកកម្មករបាត់ខ្លួន បានចាប់ផ្តើម ក្រោយអគ្គិភ័យ បានឆាបឆេះរោងចក្រផលិតអាគុយលីចូម នៅកូរ៉េខាងត្បូងនាថ្ងៃចន្ទនេះ ស្របពេលមានសេចក្តីរាយការណ៍ថា សាកសពមនុស្ស ត្រូវបានគេរកឃើញនៅក្នុងរោងចក្រ ។
មន្រ្តីពន្លត់អគ្គិភ័យ និយាយថា មនុស្ស ១៦នាក់ បានស្លាប់នៅក្នុងអណ្តាតភ្លើង ហើយទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍មុននេះថា សាកសពមនុស្ស ២០នាក់ ត្រូវបានគេរកឃើញនៅក្នុងរោងចក្រ ។
អគ្គិភ័យដែលត្រូវបានគេពន្លត់ស្ទើទាំងស្រុងនេះ បានឆាបឆេះឡើងនៅវេលាម៉ោងប្រហែល ១០ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក នៅរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតអាគុយ Aricell ស្ថិតក្នុងទីក្រុង Hwaseong នៅភាគខាងត្បូងរដ្ឋធានីសេអ៊ូល ។
លោក Kim Jin-young គឺជាមន្រ្តីមកពីស្ថានីយ៍ពន្លត់អគ្គិភ័យកក្រុង Hwaseong និយាយថា កម្មករសរុប ២៣នាក់ កំពុងបាត់ខ្លួន ក្នុងនោះកម្មករ ២០នាក់ ចំណោមពួកគេ គឺជាជនបរទេស រួមទាំងជនជាតិចិនផងដែរ ៕