
មន្ត្រីពន្លត់អគ្គិភ័យក្នុងតំបន់ បានប្រាប់ឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងក្លាមួយ បានបង្កជាអគ្គិភ័យឆាបឆេះរោងចក្រផលិតអាគុយលីចូម ក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២៤ ខែមិថុនា) នេះ ដោយបានសម្លាប់កម្មករចំនួន ២២នាក់ ដែលភាគច្រើនជាជនជាតិចិន។
អគ្គិភ័យ ដែលត្រូវបានពន្លត់ដោយភាគច្រើន បានឆាបឆេះតាមរោងចក្រដែលដំណើរការដោយក្រុមហ៊ុនផលិតថ្ម Aricell ក្នុងទីក្រុង Hwaseong ជាកន្លែងប្រមូលផ្ដុំឧស្សាហកម្មដ៏សំខាន់ប្រហែល ៩០នាទី នៅភាគនិរតីនៃរដ្ឋធានីសេអ៊ូល។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកម្មករចិន ១៨នាក់ និងឡាវម្នាក់។ លោក Kim Jin-young មន្ត្រីពន្លត់អគ្គភ័យក្នុងតំបន់ បានប្រាប់អ្នកសារព័ត៌មានដោយដកស្រង់ព័ត៌មានពីមន្ត្រីក្រុមហ៊ុនថា សញ្ជាតិរបស់កម្មករដែលបានបាត់បង់ជីវិតផ្សេងទៀត មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ជាមួយគ្នានេះ លោក Kim បានប្រាប់ទៀតថា អគ្គិភ័យនេះបានចាប់ផ្តើមនៅម៉ោង ១០:៣១នាទីព្រឹក (ត្រូវនឹងម៉ោង ១:៣១នាទី ម៉ោងសកល) បន្ទាប់ពីថ្មជាច្រើនបានផ្ទុះ នៅខាងក្នុងឃ្លាំងមួយ ដែលមានចំនួន ៣៥.០០០យូនីត។ លោកបានបន្ថែមថា អ្វីដែលបានបង្កឲ្យមានការផ្ទុះរហូតកើតជាអគ្គិភ័យនេះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ៕
