
មេបក្សប្រឆាំងបេឡារុសនិរទេសខ្លួន លោកស្រី Svetlana Tikhanovskaya បានជំរុញរដ្ឋាភិបាលប៉ូឡូញកុំឲ្យបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។
លោកស្រី បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា៖«ការរក្សាជនជាតិបេឡារុសឲ្យមាន ទាក់ទងជាមួយអឺរ៉ុប គឺមានសារៈសំខាន់» ដោយបន្ថែមថា មនុស្សមិនអាចបំបែកគ្នាបាន ដោយសារ «វាំងននដែកថ្មី»នេះទេ។
កាលពីព្រឹកថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ បាននិយាយថា ទីក្រុងវ៉ាសូវី កំពុងពិចារណាបិទច្រកព្រំដែនដែលនៅសល់ជាមួយប្រទេសបេឡារុស ដើម្បីព្យាយាមទប់ស្កាត់ទេសន្តរប្រវេសន៍ខុសច្បាប់។
ប្រទេសប៉ូឡូញ និយាយថា បេឡារុស បាននិងកំពុងលើកទឹកចិត្តប្រជាជនមកពីមជ្ឈិមបូព៌ា និងអាហ្រ្វិកឲ្យធ្វើដំណើរទៅកាន់ប្រទេសបេឡារុស ហើយបន្ទាប់មកឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ទៅកាន់ប្រទេសប៉ូឡូញ។
នៅឆ្នាំ ២០២១ សហភាពអឺរ៉ុប បានចោទប្រកាន់មេដឹកនាំផ្តាច់ការរបស់ប្រទេសបេឡារុស លោក Alexander Lukashenko ពីការសម្របសម្រួលលំហូរចូលក្នុងការសងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្ម។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសប៉ូឡូញ បានបិទប៉ុស្តិ៍ត្រួតពិនិត្យចំនួន៤ ក្នុងចំណោមប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៦ នៅតាមព្រំដែនជាមួយប្រទេសបេឡារុស។