
នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បានជំរុញឲ្យហ្វីលីពីនបញ្ឈប់ការបំពាន និងការបង្ករឿងរបស់ពួកគេ ស្របពេលមានវិវាទរវាងប្រទេសទាំង ២នៅក្នុងសមុទ្រចិនខាងត្បូង ។
ជាការឆ្លើយតបចំពោះសំនួរពាក់ព័ន្ធនឹងការប្រឈមដាក់គ្នាកាលពីថ្ងៃទី ១៧ ខែមិថុនា រវាងឆ្មាំល្បាតឆ្នេរចិន និងកងទ័ពជើងទឹកហ្វីលីពីន អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា ចិន និងហ្វីលីពីន គួរធ្វើការរួមគ្នា ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ។
គួរឲ្យដឹងថា ទាហានជើងទឹកហ្វីលីពីនម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយឆ្មាំល្បាតឆ្នេរចិនបើកនាវាក្នុងល្បឿនលឿន ក្នុងគោលបំណងបង្អាក់បេសកកម្មផ្គត់ផ្គង់ទាហានហ្វីលីពីនឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas កាលពីថ្ងៃទី ១៧ ខែមិថុនា ។
យោធាហ្វីលីពីន និយាយថា ឆ្មាំល្បាតឆ្នេរចិន កាន់កាំបិត និងលំពែង និងបានវាយកម្ទេចដោយចេតនាទូកហ្វីលីពីនដែលចុះបេសកកម្មនៅទីនោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសចិន បានច្រានចោលអំណះអំណាងរបស់ហ្វីលីពីន ដោយពួកគេនិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា វិធានការចាំបាច់ដែលបានធ្វើដោយឆ្មាំល្បាតឆ្នេរចិន គឺជារឿងស្របច្បាប់ និងមានវិជ្ជាជីវៈ ៕