
ប្រធានគោលនយោបាយអឺរ៉ុបលោក Josep Borrell និយាយនៅថ្ងៃចន្ទនេះថា តំបន់មជ្ឈិមបូព៌ា ជិតមើលឃើញជម្លោះរីកកាន់តែធំដល់ប្រទេសលីបង់ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ គំរាមប្រទេសស៊ីប ដែលជាសមាជិកសហភាពអឺរ៉ុប ។
លោក Borrell បានថ្លែងមុនកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីការបរទេសសហអឺរ៉ុបនៅប្រទេសលុចសំបួថា ពួកយើងកំពុងឈរនៅមុខសង្រ្គាមរីករាលដាលកាន់តែធំ ។
កាលពីដើមខែមិថុនានេះ ក្រុមហេសប៊ូឡា បានវាយប្រហារលើគោលដៅយោធា និងទីក្រុងអ៊ីស្រាអែល ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត និងយានដ្រូន បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមហេសប៊ូឡា ។
កាលពីសប្តាហ៍មុន មេដឹកនាំក្រុមហេសប៊ូឡាលោក Sayyed Hassan Nasrallah បាននិយាយថា គ្មានកន្លែងណាមួយនៅក្នុងប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពនោះទេ បើសិនជាសង្រ្គាមពេញលេញ ផ្ទុះឡើងរវាងបច្ចាមិត្តទាំង ២ ហើយនិងបានព្រមានប្រទេសស៊ីបជាលើកដំបូងផងដែរ ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសក្រិកលោក George Gerapetritis និយាយថា វាគឺជារឿងដែលពុំអាចទទួលយកបានឡើយ ចំពោះការគំរាមលើរដ្ឋអធិតេយ្យភាពរបស់សហភាពអឺរ៉ុប ៕