
នៅថ្ងៃចន្ទនេះ វិមានក្រឹមឡាំង បានដាក់ការស្តីបន្ទោសសហរដ្ឋអាមេរិក សម្រាប់ការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀ ដោយប្រើប្រាស់មីស៊ីល ATACMS ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤នាក់ រួមទាំងកុមារ ២នាក់ និងមនុស្ស ១៥១នាក់ផ្សេងទៀត រងរបួស ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការវាយប្រហារនេះ ពិតជាព្រៃផ្សៃខ្លាំងណាស់ ហើយទីក្រុងម៉ូស្គូ នឹងប្រតិកម្មជាមួយសហរដ្ឋអាមេរិកដែលមានចំណែកនៅក្នុងការវាយប្រហារនេះ ។
លោក Peskov លើកឡើងថា ក្រុមអ្នកសារព័ត៌មានគួរតែសួរទៅរដ្ឋាភិបាលអឺរ៉ុប និងសហរដ្ឋអាមេរិក ថាតើហេតុអ្វីបានជារដ្ឋាភិបាលរបស់ពួកគេ ពាក់ព័ន្ធនឹងការសម្លាប់ក្មេងៗ ។
លោកនិយាយផងដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសម្តែងមរណទុក្ខជាពន់ពេកចំពោះអ្នកដែលបាត់បង់សាច់ញាតិ អំឡុងការវាយប្រហារកាលពីពេលថ្មីៗនេះលើរុស្ស៊ី ។
លោកថា ការជួយជ្រោមជ្រែងនឹងផ្តល់ជូនដល់អ្នករាល់គ្នា ហើយការជួយត្រូវបានផ្តល់ជូនដោយសេវាកម្មសុខភាព ៕