
ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចន្ទនេះ បានជន់លិចដីកសិកម្មនៅតាមខេត្តជាច្រើនរបស់ចិន ហើយរូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋចិន CCTV ឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា វាយប្រហារចាប់ពីតំបន់ភ្នំរហូតដល់តំបន់ឆ្នេរ ។
ដំណាំ ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តអាន់ហួយ ។ នៅខេត្តភាគកណ្តាលហ៊ូណាន ផ្លូវជាច្រើនខ្សែ រងការខូចខាត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ហើយក្រុមជួយសង្រ្គោះ ត្រូវបានគេមើលឃើញប្រើគ្រឿងចក្រ ដើម្បីបោសសម្អាតល្បាប់ភក់ ។ ដីកសិកម្មជាច្រើន រងការជន់លិចផងដែរនៅខេត្តភាគឦសានហីឡុងជាំង ។
សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅចិន បានធ្លាក់ចុះយ៉ាងឆាប់រហ័សពីចំនួនរាប់ពាន់នាក់ជារៀងរាល់ឆ្នាំកាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ពេលដែលក្រុមអាជ្ញាធរបង្កើនវិធានការគ្រប់គ្រងទឹកជំនន់ ដូចជាការកសាងទំនប់ទឹកជាដើម ។
អាកាសធាតុអាក្រក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងភ្លៀងធ្លាក់ខ្លាំងបំផុត បានធ្វើឲ្យប្រទេសចិនងាយរងគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ ដូចជាបំណាក់ដីនៅតាមតំបន់ភ្នំ និងតាមតំបន់មនុស្សរស់នៅច្រើនកុះករ ៕